ខេត្តសៀមរាប៖អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលផ្នែកនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានសហការគ្នាចុះបង្ក្រាបគ្រឿងញៀនបានជិត ១០គីឡូក្រាមនិងឃាត់ខ្លួនជនសង្ស័យម្នាក់។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តសៀមរាបបានមានប្រសាសន៍ថា កាលពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០.៣០នាទី កម្លាំងការិយាល័យប្រឆាំគ្រឿងញៀនសហការជាមួយកម្លាំងចម្រុះបារួមមាន កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក , មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ព្រមទាំងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្រ្កាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ មានឈ្មោះ ធន ឆវ័ន្ត ហៅ ណាត់ ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកកំណើតភូមិតាកុក១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង សព្វថ្ងៃរស់នៅផ្ទះជួលស្ថិតនៅភូមិអូរដំបង២ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីន (ICE) ចំនួន ១០ដុំ ស្មើនឹងទម្ងន់ ៩,៩៥៥.៦៥ក្រាម, មេតំហ្វេតាមីនប្រភេទគ្រាប់ ពណ៌ផ្កាឈូកសញ្ញា WY ចំនួន ០៥គ្រាប់ ។
ក្រោយការសួរនាំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នេះកម្លាំងជំនាញបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ និង វត្ថុតាងទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖AFN