Thursday, December 12, 2024
Header Banner

ក្រុមការងារវិទ្យុ នៃមន្ទីរព័ត៌មានខេត្តចំនួន៣ ចូលរួមកិច្ចប្រជុំ និងចុះទស្សនកិច្ចសិក្សា ដកស្រង់បច្ចេកទេស ការផលិតកម្មវិធីវិទ្យុរួមគ្នា ជាមួយខេត្តសុរិន្ទ និងខេត្តបុរីរ៉ាំ

ក្រុមការងារវិទ្យុ នៃមន្ទីរព័ត៌មានខេត្តចំនួន៣ មានខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប ជាតំណាងដឹកនាំដោយលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវាយតម្លៃការអនុវត្តរបស់កម្មវិធីវិទ្យុមិត្តភាពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ “Twin Radio”  ជាមួយក្រុមការងារវិទ្យុជាតិខេត្តសុរិន្ទ និងខេត្តបុរីរ៉ាំ ប្រទេសថៃ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ និងវាយតម្លៃលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក រវាងគ្នា និងគ្នា នៃប្រទេសទាំង២ ជាពិសេសខេត្តនៅជាប់បន្ទាត់ព្រំដែន ដើម្បីរកបញ្ហាប្រឈម និងដំណោះស្រាយ។ កិច្ចប្រជុំនេះរៀបចំឡើង នៅស្ថានីយ៍វិទ្យុជាតិ FM  97.50 MHz ខេត្តសុរិន្ទ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ ក្រុមការងារវិទ្យុ នៃមន្ទីរព័ត៌មានខេត្ត ទាំង៣ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមការងារវិទ្យុជាតិខេត្តទាំងពីរ នៃព្រះរាជាណាចក្រថៃឡង់ ដឹកនាំដោយ លោក ឌូសិត ស៊ីងគីរី ប្រធានទំនាក់ទំនងព័ត៌មានតំបន់ភូមិភាគ២ នៃព្រះរាជាណាចក្រថៃ។

ក្រោយពី បានស្តាប់នូវមតិស្វាគមន៍ ក៏ដូចជា គោលបំណង នៃកិច្ចប្រជុំ ព្រមទាំង សំណូមពរ និងបញ្ហាប្រឈមរបស់តំណាង ភាគីនៃព្រះរាជាណាចក្រថៃឡង់រួចមក លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ តំណាងអោយ មន្ទីរព័ត៌មានខេត្តទាំង៣ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះភាគីមិត្តថៃ ដែលបានអញ្ជើញប្រតិភូមន្ទីរព័ត៍មានកម្ពុជា មកចូលរួមក្នុង ” កម្មវិធីកិច្ចប្រជុំវាយតម្លៃការអនុវត្តរបស់កម្មវិធីវិទ្យុមិត្តភាពតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ Twin Radio ” នាថ្ងៃនេះ ។ ជាមួយគ្នានេះ ក៏បានថ្លែងកោតសរសើរ និងគាំទ្រ ការអនុវត្តកម្មវិធីTwin Radioកន្លងមក របស់អាជ្ញាធររដ្ឋបាលខេត្តសុរិន្ទ ផ្នែកទំនាក់ទំនងព័ត៍មានភូមិភាគ២ និងក្រុមការងារស្ថានីយ៍វិទ្យុសុរិន្ទ ដែលបានផ្តល់ការសហការគ្នាយ៉ាងស្អិតរមួត ជាមួយបណ្តាមន្ទីរព័ត៌មានទាំង៣ខេត្ត របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាខេត្តភូមិផងរបងជាមួយគ្នាព្រំដែនមិត្តភាពកម្ពុជា-ថៃ ដែលបានអនុវត្តន៍កិច្ចការងាររយ:ពេលកន្លងមក ប្រកបដោយភាពស៊ីសង្វាក់គ្នា ដោយទទួលបានលទ្ធផលជាផ្លែផ្កា មិត្តភាព សាមគ្គីភាព និងប្រសិទ្ធភាព ក្នុងក្របខណ្ឌ័ប្រទេសជាមិត្តជិតខាង និងជាប្រទេសក្នុងសមាជិកអាស៊ានដូចគ្នា ក្នុងការផ្លាស់ប្តរ និងចែករំលែកព័ត៌មានពីគ្នាទៅវិញទៅមក។ លោកស្រីបាន អោយដឹងថា ប្រពន័្ធផ្សព្វផ្សាយនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សានូវទំនាក់ទំនងល្អ បង្ហាញនូវវឌ្ឍនភាព នៃការធ្វើបច្ចុប្បន្នផ្លាស់ប្តូរព័ត៌មានរួមគ្នា  ធ្វើអោយ វិស័យព័ត៍មានកាន់តែមានតម្លាភាព សុក្រឹតភាព និងរីកចម្រើនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះផងដែរ លោកស្រីក៏បានបង្ហាញនូវក្តីសង្ឃឹមនិងជឿជាក់ថាកិច្ចសហការដ៏ស្អិតរមួត និងមិត្តភាពដ៏ជ្រាលជ្រៅរបស់ប្រទេសយើងទាំងពីរ នឹងនៅតែបន្តអនុវត្តន៍ ដើម្បីជាប្រយោជន៍ដល់ប្រិយមិត្តអ្នកស្តាប់ ក៏ដូចជាសម្រាប់ប្រជាជន នៃប្រទេសយើងទាំងពីរ ។

បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ក្រុមការងារ ក៏បានបន្ដចុះទស្សនកិច្ច ដកស្រង់បច្ចេកទេសការងារផលិតកម្មវិធីវិទ្យុ រួមគ្នាការផ្លាស់ប្តូរភាសារ និងសិក្សាឈ្វេងយល់អំពីវប្បធម៌ ប្រពៃណី វិស័យទេសចរណ៍ និងវិស័យកសិកម្ម នៃប្រជាជនថៃ នៅក្នុងខេត្តស៊ីសាកេត និងខេត្តឧប៊ុនរាជធានីផងដែរ ដែលមានរយ:ពេលចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៕AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម