ខេត្តបន្ទាយមានជ័យ៖ពលរដ្ឋសម្តែងការមិនសប្បាយចិត្តចំពោះការអនុវត្តច្បាប់មិនស្មើភាពគ្នារបស់អាជ្ញាធរក្រុងប៉ោយប៉ែត ក្រោយពីមើលឃើញគំរូដ៏អាក្រក់របស់លោក ង៉ោង ម៉េងជ្រួន ដែលមានតួនាទីជាអភិបាលរង ខេត្តបន្ទាយមានជ័យ យកចំណីផ្លូវសាធារណៈស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងសង់តូបជួលឲ្យអាជីវករដោយរំភើយមិនរំខានដល់អាជ្ញាធរ ។
ពាក់ព័ន្ធករណីនេះលោក ង៉ោ ម៉េងជ្រួន បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលពីមុនមានពលរដ្ឋបានមកសាងសង់សំណង់មិនរៀបរយនៅខាងមុខដីរបស់លោកដោយហៀរលើផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ទើបគ្រួសាររបស់លោកបានឱ្យធ្វើការរួសរើចេញ ដោយមើលឃើញដីទំនេរអ្នកមួយចំនួនបានយកកាកសំណល់រឹងមកបោះចោលពាសវាលពាសកាល ទើបពេលនេះគ្រួសាររបស់លោកក៏បានរៀបចំធ្វើជាតូបជួលដោយផ្សារដែកប្រក់ស័ង្កសីពីលើ និងរៀបឥតធ្វើបន្ទប់ទឹក ព្រមទាំងដាក់ភ្លើងសូឡាបំភ្លឺផ្លូវ រៀបការឡាខាងមុខតូបសម្រាប់អ្នកថ្មើរជើង ដើម្បីលើកសោភ័ណភាពទីក្រុងឲ្យបានស្រស់ស្អាតមួយកម្រិត ។
លោកបញ្ជាក់ថា គ្រួសាររបស់លោកធ្វើនេះ វាប៉ះពាល់លើចំណីផ្លូវរបស់រដ្ឋខ្លះបន្តិចមែន ប៉ុន្តែធ្វើកុំលាតពីផ្លូវ ២ម៉ែត្រកន្លះ ទៅ ៣ម៉ែត្រតាមការណែនាំរបស់អាជ្ញាធរ ហើយនាពេលថ្ងៃអនាគត បើរដ្ឋត្រូវការពង្រីកផ្លូវមានការប៉ះពាល់លោកនឹងរើចេញដោយមិនមានលក្ខខណ្ឌ។ពលរដ្ឋលើកឡើងថា ទោះយ៉ាងនេះក្តីក្នុងនាមលោកជាអភិបាលរង ខេត្ត ដែលជាអ្នកអនុវត្តច្បាប់ផងនោះ គួរតែធ្វើជាគំរូល្អសម្រាប់អ្នកផ្សេងៗទៀតអនុវត្តតាម ។
ស្របគ្នានេះដែរគេសង្កេតឃើញមួយទីតាំងទៀតនៅចំណុចខាងមុខបញ្ឆិតខាងត្បូងសាលាពីរជាន់ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតដដែល ខាងមុខភូមិគ្រឹះឈ្មោះថា ណា ឡុង ដែលបានសាងសង់បេតុងក្រវ៉ាត់បង្គោលដែក បម្រុងរៀបឥតក្រហមដំបូលប្រក់ស័ង្កសីទំហំ៣គុណ៩ម៉ែត្រ ត្រូវបានសមាជិកក្រុមប្រឹក្សា នាយរងប៉ុស្តិ៍នគរបាល និងមេភូមិ ចុះណែនាំនឹងធ្វើកិច្ចសន្យាមិនឱ្យធ្វើបន្តទៀតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ តែរហូតមកដល់ពេលនេះ ទីតាំងខាងលើនៅតែបន្តធ្វើសកម្មភាពដោយរលូនដដែល ដោយប្រភពបានបង្ហើបឲ្យដឹងថា ដោយសារម្ចាស់ទីតាំងនេះមានខ្សែធំទើបគេហ៊ានធ្វើទាំងបំពាន ទោះបីអាជ្ញាធរនិងសមត្ថកិច្ចធ្វើការហាមឃាត់យ៉ាងណាក្តី ។ដូច្នេះស្នេីឲ្យថ្នាក់ដឹកនាំដាក់មន្ត្រីជំនាញដែលមានឥទ្ធិពលចុះត្រួតពិនិត្យមើលទីតាំងទាំងពីខាងលើនេះផងទាន ដើម្បីជាមេរៀនសម្រាប់អ្នកក្រោយ ពិសេសបញ្ជៀសការរិះគន់ពីមហាជនថាការអនុវត្តច្បាប់លំអៀង ។
ពាក់ព័ន្ធករណីខាងលើកនេះលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតបានប្រាប់ភ្នាក់ងារយើងតាមទូរសព្ទថា រឿងនេះគេសុំធ្វើបណ្ដោះអាសន្ន ហើយលោកបានឲ្យក្រុមការងារចុះទៅពិនិត្យនិងធ្វើការវាស់វែងដោយឱ្យដកឃ្លាពីចិញ្ចើមផ្លូវទៅ ៣ម៉ែត្រហើយដែរ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ត្រូវនឹងរដូវវស្សាផងនោះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីជូនដំណឹងស្ដីអំពីការរៀបចំសណ្ដាប់ធ្នាប់និងកាត់សំយាប ស្លាកយេហោផ្សេងៗដែលប្រជាពលរដ្ឋសាងសង់និងលក់ដូររំលោភលើចំណីផ្លូវសាធារណៈក្នុងទីប្រជុំជនក្រុង ។ ក្រោយមកអាជ្ញាធរក្រុង សង្កាត់ រួមនិងកងកម្លាំងចម្រុះ ក្នុងនោះក៏មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងផងដែរ ក្នុងការចុះអនុវត្តឱ្យប្រជាពលរដ្ឋរួសរើដោយស្ម័គ្រចិត្ត ដោយទុក្ខរយៈពេលចាប់ពី១០ថ្ងៃ ដល់ពីសប្តាហ៍ បើមិនព្រមរួសរើសទេអាជ្ញាធរនិងធ្វើការរុះរើសដោយខ្លួនឯងខូចខាតមិនទទួលខុសត្រូវ ។ក្នុងវិធានការនោះអាជ្ញាធរក៏បានប្រកាសមិនអនុញ្ញាតឲ្យដាក់ទំនិញឬរបស់របបប្រើប្រាស់ផ្សេងៗនៅលើកន្លែងដែលធ្វើការកាត់ ឬរួសរើរួចហើយផងដែរ បើពុំដូច្នោះទេអាជ្ញាធរនិងប្រមូលយកទៅទុកទាំងអស់ទៀតផង ប៉ុន្តែរហូតមកដល់ពេលនេះហាក់បីដូចជាមានការស្ងប់ស្ងាត់ទៅវិញ៕ដោយ៖AFN