Sunday, November 24, 2024
Header Banner

ក្រុមក្មេងទំនើងចំនួន១០នាក់ ដែលតែងតែអុកឡុកនៅក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលនៃខេត្តសៀមរាបបង្ក្រាបបានអស់ហើយ!

ខេត្តសៀមរាប៖ក្រុមក្មេងទំនើងចំនួន១០នាក់ដែលតែងតែបង្កអសន្តិសុខអុកឡុកនៅក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប និងនគរបាលជមនាញខេត្ត សហការស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១១ខែសីហានេះថា នគរបាលក្រុងសៀមរាប សហការជាមួយុនគរបាលជំនាញខេត្តសៀមរាប ធ្វើការស្រាវជ្រាវបង្រ្កាបបានក្មេងទំនើង ដែលតែងធ្វើសកម្មភាពបង្កអសន្តិសុខ នៅក្នុងក្រុងសៀមរាប។ ជាក់ស្តែងកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីអំពើលួច ដោយប្រើហិង្សា (កាប់យកផ្លាកលេខ) និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយជនរងគ្រោះនិងដុំថ្ម ខ្សែក្រវាត់ មួកការពារ ) និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ( គប់ដុំថ្មលើតូបលក់ដូរ )។

លោកបន្ថែមថា ក្រុមក្មេងទំនើងបានបង្កើតហេតុ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៣:១៥នាទី នៅចំណុចខាងកើតវត្តពោធិលង្កា ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២:៥០នាទី នៅតូបលក់អីវ៉ាន់ចាបហ៊ួយ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូជិះធ្វើសកម្មភាពរបស់ជនសង្ស័យចំនួន០៣គ្រឿង ដុំថ្ម០៧ដុំ ដាវ ១ដើម។ក្នុងចំណោមជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចបានរកឃើញជនសង្ស័យចំនួន០៤នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម