Sunday, November 24, 2024
Header Banner

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ៖ដៃម្ខាងគិតសុខទុក្ខពលរដ្ឋនិងដៃម្ខាងទៀតត្រូវគិតពីតំបន់រមណីយដ្ឋានអង្គរ

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០២៤នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងនៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ)នៅខេត្តសៀមរាប ថា អាជ្ញាធរខេត្តសៀមរាប ដែលជាគណៈបញ្ជាការរួម ត្រូវធ្វើការជាមួយនឹងអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលកេរ្ដិ៍ដំណែលដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកឱ្យ បានគង់វង្សនិងមានភាពលេចធ្លោជានិរន្ត។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ទៀតថា ឯកឧត្តមចង់ឃើញការឯកភាពគ្នាទាំងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច ទាំងព្រះសង្ឃនិងប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារតំបន់រមណីយដ្ឋានអង្គរនិងមានការទទួលខុសត្រូវសម្រាប់ប្រវត្តិសាស្ត្រ។

ឯកឧត្តមបន្តថា ចាប់តាំងតែពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានជាច្រើន សម្រាប់ការពារអង្គរដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនេះ ហើយនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរ៤ភាគីមក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើកិច្ចការពារអង្គរនេះមុនគេដែរ។

លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ អាជ្ញាធរជាតិអប្សរា បានថ្លែងថា រយៈពេល៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយជប៉ុន បារាំង និងបណ្ដាប្រទេសចំនួន៣៧ផ្សេងទៀត ដែលចូលរួមពិនិត្យនិងផ្ដល់យោបល់ជាប់ជាប្រចាំនៅក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ នៅតំបន់អង្គរនិងតំបន់ដែលពាក់ព័ន្ធ ធ្វើឱ្យទទួលបានភាពជោគជ័យនិងការកាត់បន្ថយបញ្ហាប៉ះពាល់នានាជាច្រើនមកលើតម្លៃដ៏មហាសាលនៃអង្គរ ព្រមទាំងរក្សាបាននូវតម្លៃលេចធ្លោជាសកល។ក៏ប៉ុន្តែទន្ទឹមនិងភាពជោគជ័យនេះ បញ្ហាប្រឈមជាច្រើន ក៏នៅតែកើតមានទៅលើការងារគ្រប់គ្រងតំបន់អង្គរផងដែរដូចជា៖ការសឹករិចរិលរបស់ប្រាង្គប្រាសាទបុរាណដោយសារកំដៅថ្ងៃនិងអាកាសធាតុ រំហូរភ្ញៀវទេសចរណ៍ខ្លាំង ឧបសគ្គនៃការថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីនិងជំនឿ របស់អ្នកស្រុកអង្គរ ការទន្ទ្រានយកដីធ្លី ព្រមទាំងការសាងសង់សំនង់ខុសច្បាប់ក្នុងតំបន់ការពារ នៅតែមានការកើនឡើងនៅឡើយ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលនិងអាជ្ញាធរជាតិអប្សរា លើកិច្ចការពាររមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនេះ។រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលបានគ្របដណ្ដប់លើក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកពួក ស្រុប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។ តំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋរស់នៅចំនួន១១៤ភូមិ ស្មើនិង២៥ឃុំ សង្កាត់ និងមានក្បាលដីសរុបចំនួន៩៧៩១៣ក្បាលដីផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម