ខេត្តសៀមរាប៖នៅព្រឹកថ្ងៃអាទិត្យថ្ងៃទី១៨ខែសីហាឆ្នាំ២០២៤ លោក ហួត សុធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានជ្រាវ នៃក្រុងសៀមរាប ដោយមានវត្តមានលោក លោកស្រី ដែលជាក្រុមការងារចុះជួយសង្កាត់ បានអញ្ជើញពិនិត្យអាគារប្រជុំគណបក្សប្រជាជនកម្ពុជា សង្កាត់ជ្រាវ ដែលមានទំហំប្រវែង ៨ម៉ែត្រ គុណ២២,៥០ ម៉ែត្រ ដែលកំពុងសាងសង់ ហើយក៏មានវត្តមានសប្បុរសជននានាចូលរួមជួយឧបត្ថម្ភ ជាសម្ភារៈសំណង់ និងថវិកា ផងដែរ។
លោក ហួត សុធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ជ្រាវ បានមានប្រសាសន៍ឲ្យដឹងថា ដោយមើលឃើញនៅការខ្វះខាតអាគារសម្រាប់ជួបប្រជុំជាមួយសមាជិកសមាជិកានិងក្រុមការងារគណបក្សប្រជាជនកម្ពុជា មូលដ្ឋានសង្កាត់ជ្រាវ លោកក៏បានផ្ដើមគំនិតសាងសង់អាគារប្រជុំដែលមានទទឹង ៨ម៉ែត្រនិងបណ្ដោយ២២ម៉ែត្រកន្លះ ដើម្បីឲ្យការជួបប្រជុំមានភាពងាយស្រួលនិងកក់ក្តៅ។ក្នុងនោះក៏មានការជួយឧបត្ថម្ភពីសំណាក់សមាជិកសមាជិកាព្រមទាំងសប្បុរសជនមួយចំនួន ដើម្បីឲ្យអាគារមួយនេះបានប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះដែរលោកហួត សុធី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ជ្រាវ និងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈនិងថវិកាផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោកហួត សុធី បានអញ្ជើញទៅពិនិត្យផ្លូវលំ១ខ្សែ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ដែលរងខូចខាតដោយសាររថយន្តដឹកដីធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរ ហើយក៏នឹងគៀងគរ រកសប្បុរសជននានាមកជួយជួសជុលផ្លូវនេះដើម្បីឲ្យពលរដ្ឋធ្វើដំណើរ ដឹកកសិផលបានងាយស្រួលឡើងវិញ៕ដោយ៖Angkor flash news