ខេត្តសៀមរាប៖កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប បន្តសហការគ្នាចុះបង្ក្រាបបទល្មើសនៅក្នុងតំបន់បឹងទន្លេសាប ក្នុងគោលបំណងដើម្បីធ្វើការណែនាំដល់ប្រជានេសាទ កុំឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផល និងធ្វើយ៉ាងណាឲ្យផលត្រីកើនឡើងវិញ។
លោកស ម៉ាប់ នាយរងរដ្ឋបាលផ្នែកជលផលដំដែក បានឲ្យដឹងថា នៅថ្ងៃទី២០ខែសីហា ឆ្នាំ ២០២៤កម្លាំងផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរនិងសហគមន៍នេសាទមាត់ខ្លាចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនៅដែននេសាទសហគមន៍មាត់ខ្លានិងសហគមន៍ស្ទឹងជ្រៅចំណុចប្រាំបីមុំ កាប់ចិន អន្លង់អណ្តើក ដោយបានកាប់បំផ្លាញចោលឧបករណ៍លបលូដែលមានរបាំងសាច់អ៊ួនក្រឡាតូចជាង៣សង់ទីម៉ែត្រនិងឧបករណ៍ស្បៃមុងនិងឧបករណ៍ឈ្នុកខុសនិងច្បាប់នៅនឹងកន្លែងមាន៖១.ឧបករណ៍ ប- ក្បាល លបលូចំនួន០៥គ្រឿង- របាំងសាច់អួនក្រឡាតូចជាងបីសង់ទីម៉ែត្រប្រវែង ៦០០ម៉ែត្រ- ចម្រឹង ចំនួន ២០០ ដើម។២. ឧបករណ៍ស្បៃមុង-ក្បាលស្បៃមុង ចំនួន១០គ្រឿង-របាំងស្បៃមុង ប្រវែង៥០០ម៉ែត្រ.ចម្រឹង ចំនួន១០០ដើម។៣.ឧបករណ៍ឈ្នុក-កាប់បង្គោលឈ្នុកចំនួន៣កន្លែង ស្មើ១២ដើម-លែងកូនត្រីចម្រុះចំនួន៤០គីឡូក្រាម។មានកូនត្រីប្រា កូនត្រីរៀលកូនត្រីរ៉ស់ កូនត្រីឆ្លាំងនិងកូនត្រីកញ្ចុះ។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២៤នេះថា ជារឿយៗក្រុមការងារចម្រុះ បានបើកយុទ្ធនាការចុះទៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ដែននេសាទទាំងអស់នៅជាប់បឹងទន្លេសាប ដោយចាប់ផ្ដើមចុះអនុវត្តពីចំណុចសង្កាត់ចុងឃ្នៀស ឃុំកែវពណ៌ ឃុំកំពង់ភ្លុក ឃុំកំពង់ឃ្លាំង និងឃុំអន្លង់សំណរ ដែលជាតំបន់នៅជាប់មាត់បឹងទន្លេសាប។
លោក ទា គឹមសុទ្ធ បានឱ្យដឹងទៀត ការងារសំខាន់គឺដើម្បីធ្វើការអប់រំសហគមន៍នេសាទផង និងដើម្បីដាស់ស្មារតីមិនឱ្យគាត់ធ្វើនេសាទខុសច្បាប់ ហើយប្រសិនបើយើងមិនចុះទៅបង្ក្រាបទេ គាត់ចេះតែហ៊ាននេសាទលើសពីកម្រិតដែលយើងកំណត់ជូន ដូច្នេះវាអាចនឹងបាត់បង់ជីវចម្រុះទាំងអស់នោះក្នុងបឹងទន្លេសាប។
ជាមួយគ្នានោះដែរអាជ្ញាធរខេត្តសៀមរាប ក៏បានជំរុញឲ្យមន្ត្រីជលផលក៏ដូចជាអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ៕ដោយ៖AFN