Monday, October 13, 2025
Header Banner

អាជ្ញាធរខេត្តសៀមរាប៖យើរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ខណៈស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយនេះ។

លោក សុខ ថុល មានប្រសាសន៍ថា បច្ចុប្បន្នពិភពលោក កំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ទន្ទឹមនឹងត្រូវប្រឈមមុខចំពោះការបញ្ចេញព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារសន្តិភាព និងស្ថេរភាពពិភពលោក។ ស្របពេលជាមួយគ្នានេះ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធឌីជីថលថ្មី បានបង្កឱ្យមានអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់នយោបាយ និងសង្គម។ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីបង្កើតព័ត៌មានដែលមានចរិតបំភាន់ និងបំពុលសង្គម ព្រមទាំងងាយបោកប្រាស់ប្រជាពលរដ្ឋ។

លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្តសៀមរាប បានបង្ហាញថា ការចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ទ្រាយធំនាពេលនេះ គឺដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មានជូនសាធារណជន។ យុទ្ធនាការនៅខេត្ត”សៀមរាបនេះ គឺជាគោលដៅទី៦ នៃការអនុវត្តយុទ្ធនាការទូទាំងប្រទេស ក្រោមទិសស្លោក “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!” ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងព័ត៌មាន។

លោក យឿន ចាន់ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានដាក់ចុះនូវយន្តការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ “៣ ប” គឺ “បញ្ជ្រាប បន្សាប និងបង្ក្រាប”។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត គឺជានិន្នាការសកលដែលតម្រូវឱ្យមានការបង្កើតយន្តការដោះស្រាយ និងការចូលរួមពីគ្រប់ភាគី រួមទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។

លោកអនុប្រធានមន្ទីរ បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយបានសរុបចំនួន ៣ ៦៥១ ករណី ដែលជាចំនួនកើនឡើងប្រមាណ ១៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣ ២០៨ ករណី។ សម្រាប់គោលដៅចុងក្រោយនៃយុទ្ធនាការនេះ គឺកាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរមា សំដៅធានាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព៕ដោយ សេរី (ប្រភពពី មន្ទីរព័ត៌មានខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម