ភ្នំពេញ ៖នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះ ចុះឡោមព័ន្ធឃ្លាំងស្តុកទំនិញមួយកន្លែង នៅចំណុចឃ្លាំងយីហោ «ខេ.យូ.អេស ខូអិលធីឌី» តាមបណ្តោយផ្លូវលេខ៣៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ដោយរកឃើញទំនិញចំនួន៧មុខ មានទម្ងន់ប្រមាណជាង ៧៦តោន មិនទាន់បានបង់ពន្ធត្រឹមត្រូវ ថែមទាំងជាផលិតផលប្រទេសថៃ ផងដែរ។

ប្រជាពលរដ្ឋនៅជិតទីនោះបានអោយដឹងថា ជារៀងរាល់ថ្ងៃ គេបានឃើញឃ្លាំងខាងលើនេះ បានធ្វើសកម្មភាពដឹកទំនិញចេញចូល ។ ស្រាប់តែនៅថ្ងៃនេះ មានមន្ត្រីជំនាញគយចល័ត បានចុះមកកាន់ទីតាំងខាងលើធ្វើការឡោមព័ន្ធ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ។

មន្ត្រីជំនាញ បានលើកឡើងថា សមត្ថកិច្ចចម្រុះដឹកនាំដោយមន្ត្រីគយចល័តតំបន់១ បានចុះត្រួតពិនិត្យ ឆែកឆេរ ទីតាំងឃ្លាំងលេខ១៦៦៩ បានរកឃើញទំនិញគ្មានបង់ពន្ធចំនួន៧មុខ ភាគច្រើនជាប្រហិត នាំមកពីប្រទេសថៃ និងផ្លែឈើនាំមកពីចិន សរុបទម្ងន់ប្រមាណជាង ៧៦តោន ។បច្ចុប្បន្ន ទំនិញទាំង៧មុខខាងលើ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. នាំយកមួយចំនួន ទៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យគុណភាពជាបន្ត៕ដោយ៖វិសាល





