ប៉ៃលិន៖ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ករណីបាត់ខ្សែភ្លើង អាគុយសូឡា និងសម្ភារៈមួយចំនួន របស់អគ្គិសនីកម្ពុជាសាខាប៉ៃលិន នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន – អូរតាវ៉ៅ បានធ្វើការចុះបង្ក្រាបជាក់ស្តែង លើជនសង្ស័យម្នាក់ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងថា៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ បានសហការគ្នាយ៉ាងយកចិត្តទុក ធ្វើការស្រាវជ្រាវ រហូតបានឃើញជនសង្ស័យកំពុងជិៈម៉ូតូដឹកសម្ភារៈ ដែលខ្លួនបានលួច ពេលនោះកម្លាំងជំនាញរបស់យើង ក៍ធ្វើការបង្រ្កាបជាក់ស្តែងតែម្តង ។
ជនសង្ស័យឈ្មោះ ទឹម រាំបូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)ក្នុងខ្លួន ចំណែកបក្សពួកបានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។ រីឯវត្ថុតាង ដែលរិបអួសរួមមាន៖ អាគុយសូឡា ចំនួន០៤គ្រាប់ ,ខ្សែភ្លើង ចំនួន០៣ដុំ ប្រវែងប្រហែល៥០ម៉ែត្រ,ឧបករណ៍ទប់ភ្លើងប្រភេទAVR ចំនួន០១ ,អាំងម៉ូទ័រ ចំនួន០២គ្រាប់ ,ដុំDRC ចំនួន០១គ្រឿង និងសម្ភារៈសម្រាប់កាត់ខ្សែភ្លើងមួយចំនួនទៀត។ លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានមានប្រសាសន៍បន្តថា៖ ជនរងគ្រោះមានចំនួនពីរនាក់ ទី១-ជនរងគ្រោះឈ្មោះ នូ រដ្ឋា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនសែលខាត រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន(តំណាងក្រុមហ៊ុន)។ ទី២-ជនរងគ្រោះឈ្មោះ យ៉ុង ជីវិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនី រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(តំណាងអគ្គសនីកម្ពុជា)។
លោកវរសេនីយ៍ឯក អធិការនគរបាលក្រុងប៉ៃលិន ក៏បានបញ្ជាក់ផងដែរថា៖ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថាខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង លួចអាគុយសូឡា និងសម្ភារៈមួយចំនួនទៀត ពីកន្លែងអង្គតែនសែលខាត ស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបានជិះម៉ូតូចេញពីកន្លែងធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចតាមឃាត់បានតែម្តង។បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីបន្ត៕ អត្ថបទ ជាយដែន