ខេត្តមណ្ឌលគីរី៖សេចក្តីរាយការណ៍បានឲ្យដឹងថា មេឈ្មួញធំ ឈ្មោះតែ គឹមសាន្ត បានឆ្មក់ធ្វើអាជីវកម្មរករ៉ែមាសយ៉ាងអណាធិបតេយ្យ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយគេដាក់ការសង្ស័យថា អាជ្ញាធរនិងមន្ត្រីជំណាញជាអ្នកបើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានដោយរលូន។
សូមរម្លឹកថា កាលពីឆ្នាំ២០១៨ កន្លងផុតទៅទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិលើផ្ទៃប្រទេស ចុះបង្ក្រាបម្ដងរួចមកហើយ។ប៉ុន្តែឥឡូវនេះចាប់ផ្ដើមបើកដំណើរការសារជាថ្មី ក្រុមឈ្មួញខាងលើ បានធ្វើសកម្មភាពខុសច្បាប់កាន់តែគគ្រឹកគគ្រេងជាងពេលមុនទៅទៀត។ ដោយសារមេឈ្មួញរូបនេះចាត់ចែងកញ្ចប់ដោយរូបភាពណាមួយស្ងាត់ៗ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើអណ្តូងរ៉ែមាស បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះក៏ដោយ ក៏មិនឃើញមានចំណាត់ការនៅឡើយ ពោលគឺពួកគេនៅតែបន្តធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេង ដោយមានការយាមកាមតឹងតែងជាងមុន ចំពោះការចេញចូលទៅតំបន់នោះតែម្តង ហាក់ដូចជាតំបន់អបគមន៍ទៅហើយ។
ជាងនេះទៅទៀត មេឈ្មួញ គឹម សាន និងបក្សពួកគេ ប្រើគ្រឿងចក្រជីកកកាយរណ្ដៅ ឃួងដី ដើម្បីដាក់រំសេវផ្ទុះ ប្រើជាតិគីមី ធ្វើឲ្យប៉ះពាល់ ប្រជាពលរដ្ឋ និងវត្តអារាម ក្បែរៗនោះ។ ប្រជាពលរដ្ឋតំបន់នោះបានធ្វើការិះគន់ ថា បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ មន្ត្រីអាជ្ញាធរ ពាក់ព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ មេឈ្មួញ ឈ្មោះ គឹម សាន និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត នោះដែរ។
ពាក់ព័ន្ធនឹងករណីនេះដែរ ក្រុមការងារសារព័ត៌មានAFN នៅមិនអាចសុំការពន្យល់ពីអាជ្ញាធរខេត្តមណ្ឌលគីរី បានទេនាថ្ងៃទី២៨ខែសីហាឆ្នាំ២០២៤នេះ៕ដោយ៖AFN