Thursday, December 12, 2024
Header Banner

គោយន្តចំនួន២ដឹកឈើលេខ១ចេញពីសហគមន៍ចំបក់ហោះ សំណាងល្អរួចផុតពីសំណាញ់ច្បាប់របស់រដ្ឋបាលព្រៃឈើស្រុករវៀង ដោយសារមានបារមីក្រឡង់ជុំ

ខេត្តព្រះវិហារ៖សកម្មភាពកាប់បំផ្លាញព្រៃឈើ(ប្រភេទ ផ្ចឹក ឈ្លីក)ខុសច្បាប់ នៅចំណុចសហគមន៍ចំបក់ហោះ ក្នុងភូមិសាស្ត្រឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ រួចដឹកជញ្ជូនតាមគោយន្តចំនួន២គ្រឿងដែលមានមុខធំៗជាច្រើនដុំ យកទៅលក់តាមដេប៉ូនានា យ៉ាងគគ្រឹកគគ្រេងខណៈសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើរវៀង បកស្រាយថា ពលរដ្ឋដឹកយកទៅធ្វើផ្ទះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងសហគមន៍ចំបក់ហោះ នេះដែរ គេបានដាក់ការសង្ស័យថា សមត្ថកិច្ចមួយចំនួនបានចូលរួមសកម្មភាពកាប់បំផ្លាញព្រៃឈើ និងឃុបឃិតជាមួយក្រុមឈ្មួញឲ្យមានការដឹកឈើចេញ ជាថ្នូរនឹងការសូកប៉ាន់លុយកាក់ផងដែរ។ ប្រភពបន្តទៀតថា ជារៀងរាល់យប់ក្រុមឈ្មួញដឹកឈើចេញពីតំបន់ព្រៃឡង់ តាមរថយន្តសាំយ៉ុងជាច្រើនគ្រឿងឆ្លងកាត់ស្រុកជ័យសែននិងស្រុករវៀង តាមផ្លូវជាតិលេខ៦២ ឆ្ពោះយកទៅចែកចាយតាមដេប៉ូនានានៅខេត្តកំពង់ធំ ដោយមិនមានសមត្ថកិច្ចណាមួយចេញមុខមកបង្ក្រាបសោះឡើយ។

ពាក់ព័ន្ធនិងករណីគោយន្តដឹកឈើលេខ១ដោយគ្មានច្បាប់នេះដែរលោកស៊ុំ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានឲ្យដឹងតាមទួរស័ព្ទនាព្រឹកថ្ងៃទី៣១ខែសីហានេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកក៏បានសួរនាំមន្ត្រីរបស់លោកនិងបានធ្វើរបាយការណ៍ទៅថ្នាក់លើយ៉ាងដូច្នេះថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២២ និង២៤នាទី កម្លាំងមន្រ្តីរដ្ឋបាលព្រៃឈើនៃផ្នែករដ្ឋបាលព្រៃឈើរវៀង បានចុះប្រតិបត្តការបង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ នៅចំណុចបុស្សសៀម ភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។

នៅទីតាំងខាងលើ យើងបានជួបប្រទះគោយន្តកន្រ្តៃយ៍ចំនួន២គ្រឿង កំពុងដឹកជញ្ជូនផល អនុផលព្រៃឈើ(ឈើអារជ្រុង) នៅចំពោះមុនមន្ត្រី អ្នកបើកបរគោយន្ត បានឆ្លើយបំភ្លឺថា គាត់ដឹកឈើនេះចេញពីភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង យកទៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីសាងសង់ផ្ទះសម្រាប់រស់នៅ។ ដោយពិនិត្យឃើញថា ការដឹកជញ្ជូនផល អនុផលខាងលើ សម្រាប់តម្រូវការប្រើប្រាស់ក្នុងមូលដ្ឋាន មិនមែនលក្ខណៈបំរើការលក់ដូរ រឺធ្វើជំនួញ យើងក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងនោះ ត្រូវមានការលិខិតបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ់ពាក់ព័ន្ធ បើមានការដឹកជញ្ជូនលើកក្រោយៗទៀត ដើម្បីជៀសវាងជនឆ្លៀតឱកាសបន្លំ បន្ទាប់មកយើងក៏អនុញ្ញាតអោយគោយន្តទាំង២ដើម្បីបន្តដំណើរកាន់គោលដៅ។

អ្នកឃ្លាំមើលបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ បានលើកឡើងថា ពិតជាកើតមានបទល្មើសព្រៃឈើ នៅខេត្តព្រះវិហារពិតប្រាកដមែន។ប៉ុន្តែបទល្មើសទាំងនោះកើតមានក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ និងមានការថយចុះច្រើន ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញនូវវិធានការជាច្រើន ក្នុងការទប់ស្កាត់ និងបង្ការបទល្មើស ព្រមទាំងបើកចំហឲ្យមានការចូលរួមពីសហគមន៍ និងដៃគូពាក់ព័ន្ធនានាផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម