សៀមរាប៖នៅព្រឹកថ្ងៃទី០១ខែតុលាឆ្នាំ២០២០ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបោសំអាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ ដើម្បីរៀបចំផែនការសម្រាប់ឆ្នាំ២០២១។ការបង្ហាញពីវឌ្ឍនភាពការងារប្រតិបត្ដិការ៩ខែនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាមួយ នៅខេត្ដសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកមជុ្ឍមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជាហៅកាត់ថា ស៊ីម៉ាក។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ក្នុងអំឡុងពេលកម្ពុជាគ្មានជំងឺកូវីដ១៩ ក្នុងមួយឆ្នាំស៊ីម៉ាក់រុករកឃើញគ្រាប់គ្រប់ភេទក្នុងចន្លោះពី៤ម៉ឺនគ្រាប់ទៅ៥ម៉ឺន ហើយនៅក្នុងឆ្នាំ២០២០នេះ អាចនឹងរុករកឃើញគ្រាប់មីនប្រហាក់ប្រហែលគ្នាដែរ ព្រោះ៩ខែនេះបានជិត៣ម៉ឺនគ្រាប់ហើយ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅដោយយកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជា លែងមានការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ បើទោះជាយ៉ាងនេះក្តីឯកឧត្តមហេង រតនា ពន្យល់ថា លែងមានការគំរាមកំហែងដោយសារមីន មិនមែនមានន័យថា ស៊ីម៉ាក់បញ្ចប់សកម្មភាពទេ ព្រោះនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនទៀតដែលមិនទាន់បានដោះស្រាយរួចនៅឡើយ៕ដោយ៖សហការី