Saturday, October 12, 2024
Header Banner

ឈ្មួញដឹកឈើចេញពីព្រៃឡង់់ រហូតផ្អើលដល់សមត្ថកិច្ចថ្នាក់ជាតិ ចុះបង្ក្រាបបាននៅស្រុកបារាយណ៍… 

ខេត្តកំពង់ធំ៖សកម្មភាពកាប់ព្រៃឈើ និងដឹកជញ្ជូនឈើ នៅតំបន់ព្រៃឡង់ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ កើតមានគួរឲ្យព្រួយបារម្ភ។ជាក់ស្តែងឈើ​​ប្រភេទ​លេខ​១​ជាង​១០០​កំណាត់ និង​ឈើ​ក្តារ​រាប់រយ​បន្ទះ​​ត្រូវ​បាន​រក​ឃើញ និង រឹបអូស​នៅ​ទីតាំង ៤​ផ្សេង​គ្នា​ក្នុង​ស្រុក​បារាយណ៍ ដោយ​កម្លាំង​ចម្រុះ​ថ្នាក់ជាតិ និង​ខេត្ត​កំពង់ធំ​ កុំអីត្រូវបានក្រុមឈ្មួញដឹករកទីផ្សារងងឹតបាត់ស្រមោលទៀតហើយ។

  លោក តាន់ គឹមសួរ សមាគមយុវជនស្រឡាញ់ធម្មជាតិ បាន​ប្រាប់អ្នកសារព័ត៌មាន​ថា ក្រោយ​ពី​ទទួល​បាន​តម្រុយ​ពី​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​ ​រួច​មក​ លោក​និង​ក្រុម​ការងារ​បាន​ចំណាយ​ពេល​អស់​ជិត ១ខែ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ។

បន្ទាប់ពី​រក​ឃើញ​វត្ថុតាង​ច្បាស់លាស់​អស់​ហើយ ពួក​លោក​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ កម្លាំង​ចម្រុះ​ដែល​រួម​មាន​លោក អ៊ិត ភូម្រា អនុប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ថ្នាក់ជាតិ និង​កម្លាំង​ពី​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​ចុះ​បង្រ្កាប​បទល្មើស​នេះ​កាល​ពី​ថ្ងៃទី​១៥ និង​១៦​ ខែ​កញ្ញា​នេះ នៅ​ទីតាំង ៤​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​ចុងដូង និង ឃុំ​បល្ល័ង្គ ក្នុង​ស្រុក​បារាយណ៍។

ជន​សង្ស័យ​មួយ​ចំនួន​ត្រូវ​បាន​​ឃាត់​ខ្លួន​យក​ទៅ​ធ្វើការ​សួរ​នាំ ហើយ​រថយន្ត​ដឹក​ឈើ​ភេទ​កង់ ១០​យ៉ាង​ហោច​ណាស់ ២​គ្រឿង​ត្រូវ​បាន​រក​ឃើញ​ផងដែរ។

លោក​បញ្ជាក់​ថា៖ «នៅពេល​ដែល​យើង​ក្តោប​បាន​ទីតាំង​ទម្លាក់​ឈើ និង​កន្លែង​ទុក​ឡាន​ដឹក​ឈើ​ហើយ ទើប​យើង​ស្នើសុំ​កម្លាំង​ថ្នាក់ជាតិ​ចុះ​ទៅ​បង្រ្កាប​ដោយ​សម្ងាត់ ព្រោះ​យើង​ខ្លាច​បែកការណ៍។ យើង​រក​ឃើញ​ថា ឈើ​ទាំង​អស់​ហ្នឹង គឺ​សុទ្ធតែ​ឈើ​ខុសច្បាប់​ទាំងអស់ ដែល​កាប់​ចេញ​ពី​តំបន់​ព្រៃឡង់ ​ក្នុង​ស្រុកសណ្តាន់ ហើយ​ដឹក​ទៅ​ទុក​នៅ​ស្រុក​បារាយណ៍​ ខ្លះ និង​ឈើ​ឃ្លុំ​ខ្លះ​ទៀត​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស»។

កម្លាំង​ចម្រុះ​ថ្នាក់ជាតិ និង​ខេត្ត​កំពង់ធំ ចុះ​បង្រ្កាប​បទល្មើស​នេះ​កាល​ពី​ថ្ងៃទី​១៥ និង​១៦​ ខែ​កញ្ញា​នេះ នៅ​ទីតាំង ៤​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ឃុំ​ចុងដូង និង ឃុំ​បល្ល័ង្គ ក្នុង​ស្រុក​បារាយណ៍។

  លោកបន្ថែមថា ឈ្មួញ​ធ្វើ​យ៉ាងណា​ដឹក​ជញ្ជូន​ឈើ​ទាំង​ឡានធំៗ​ មាន​ទាំង​ឡាន​កង់ ១០ ​បែប​នេះ​បាន​បី​បួន​គ្រឿង មាន​ទាំង​ឡាន​វេអង​ផង។ ប្រសិន​បើ​មន្រ្តីថ្នាក់​មូលដ្ឋាន​មាន​ឆន្ទៈ​ក្នុង​ការ​បង្រ្កាប ប្រហែល​ជា​មិនមាន​បទ​ល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​បែបនេះ​កើត​ឡើង​ទេ។

   លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​ បាន​អះអាង​ថា លោក​ជាប់​រវល់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។ រីឯ​លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ ដែល​គ្រប់គ្រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ​បាន​បញ្ជាក់​ដោយ​ខ្លី​ថា មន្រ្តី​ជំនាញ​កំពុង​តែ​បន្ត​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​ករណី​នេះ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម