Saturday, October 12, 2024
Header Banner

ជំងឺគ្រុនចាញ់ នៅខេត្តសៀមរាប មានការធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំ២០២៣

ខេត្តសៀមរាប៖នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់ខ្លួន ដឹកនាំដោយ ឯកឧត្តម វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ស្ដីទី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនៃជំងឺគ្រុនចាញ់ ស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈម ក្នុងគោលដៅសម្រេចការងារលុបបំបាត់ជំងឺគ្រុនចាញ់។

យោងតាមរបាយការណ៍ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត បានឱ្យដឹងថា គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៤នេះ សម្រាប់ខេត្តសៀមរាប ក្រុមការងារពិសេសបានធ្វើតេស្តស្រាវជ្រាវស្វែងរកជំងឺគ្រុនចាញ់រហូតដល់ទៅ ៧២.៦០៦ករណី ក្នុងនោះករណីវិជ្ជមានមានត្រឹមតែ ៣ករណីតែប៉ុណ្ណោះ ជាប្រភេទវីវ៉ាក់ ខណៈរយៈពេល៨ខែដូចគ្នាក្នុងឆ្នាំ២០២៣ ក្រុមការងារបានធ្វើតេស្តស្រាវជ្រាវស្វែងរកជំងឺគ្រុនចាញ់ចំនួន ៦៨.១១៦ករណី ដោយករណីវិជ្ជមានចំនួន១៥ករណី។

   ឯកឧត្តម វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍ដែលយើងអនុវត្តបានកន្លងមកនេះ គឺពិតជាទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ តាមរយៈការអនុវត្តការងារពីក្រុមការងារទាំងមន្ទីរអង្គភាព មន្ត្រីជំនាញ រួមនឹងអាជ្ញាធរមូលដ្ឋាន បើទោះជាការស្រាវជ្រាវរបស់យើងមានចំនួនច្រើន តែចំនួនករណីអវិជ្ជមានគឺយើងមានត្រឹមតែ ៣ករណីប៉ុណ្ណោះ ដែលជាចំនួនទាបខ្លាំងបើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។ ប៉ុន្តែទោះជាយើងទទួលបានលទ្ធផលល្អយ៉ាងណាក្ដី តែយើងមើលឃើញថា មន្ទីរអង្គភាពមួយចំនួន ហាក់នៅមិនសូវបានចូលរួមសកម្មក្នុងសកម្មភាពជំរុញ ផ្សព្វផ្សាយពីបញ្ហាជំងឺគ្រុនចាញ់នេះបានផុសផុលនៅឡើយ ដែលជាហេតុធ្វើឱ្យយើងអាក់ខានក្នុងការជួយជំរុញដល់ការលុបបំបាត់ជំងឺមួយនេះ។

ឯកឧត្តម វេជ្ជបណ្ឌិត មានប្រសាសន៍បន្ថែមថា ដើម្បីឱ្យសម្រេចបានទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល ឯកឧត្តមបានជំរុញដល់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់នៅខេត្ត ភាគីពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូគម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ នៅខេត្តសៀមរាប ត្រូវរួមសហការគ្នាធ្វើយ៉ាងណាលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបាននៅឆ្នាំ២០២៥ខាងមុខ ដើម្បីឈានទៅសម្រេចតាមផែនការយុទ្ធសាស្រ្តជាតិ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានមុនគេទូទាំងប្រទេស៕ដោយ៖AFN (ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប)

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម