ខេត្តសៀមរាប៖នៅថ្ងៃទី៣ ខែតុលាឆ្នាំ២០២៤ នេះ ជនសង្ស័យចំនួនពីរនាក់ត្រូវបានកម្លាំងនគរបាលស្រុកសូទ្រនិគម ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ករណីអំពើហិង្សាកាលពីអំឡុងជាង១០ឆ្នាំមុន។
លោកវរសេនីយ៍ឯកឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានមានប្រសាសន៍ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម អោយប្រតិបត្តិការស្រាវជ្រាវ និងអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនពិរុទ្ធជនដែលរត់គេចខ្លួនបន្ទាប់ពីប្រព្រឹត្តបទល្មើស ។ ជាលទ្ធផលថ្មីៗនេះ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការគ្នា ជាមួយនគរបាលប៉ុស្តិ៍ កៀនសង្កែនិងនគរបាលប៉ុស្តិ៍ដានរុន និងបានចុះស្រាវជ្រាវ និងអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនពិរុទ្ធជនបានចំនួន ០២នាក់ ក្រោមបទល្មើស “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ហើយបានរត់គេចខ្លួនជាង ១០ឆ្នាំពីមូលដ្ឋាន បន្ទាប់ពីប្រព្រឹត្តបទល្មើស ។លោកបន្តថា ករណីខាងលើ ក្រោមកិច្ចសហការជាមួយជំនាញព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់, លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សមត្ថកិច្ចយើងបានបញ្ជូនខ្លួនពិរុទ្ធជនទាំង ០២នាក់ ទៅស្ថាបន័តុលាការដើម្បីបន្តនីតិវិធី ៕AFN