ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ កម្លាំងនគរបាលទេសចរណ៍នៃរមណីយដ្ឋានប្រាសាទកោះកេរ បានទទួលអាវុធកែច្នៃចំនួន២២ដើម ដែលមូលដោយស្ម័គចិត្តពីប្រជាពលរដ្ឋភូមិកោះកេរ ឃុំស្រយង់ រួចយកទៅប្រគល់ជូនអាជ្ញាធរស្រុកគូលែន ដើម្បីថែរក្សាបន្ត។
មន្ត្រីនគរបាលទេសចរណ៍ ដែលប្រចាំការនៅតំបន់កោះកេរ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២៤ ក្រុមការងារនគរបាលទេសចរណ៍រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលអាវុធកែច្នៃចំនួន២២ដើមពីការប្រមូលដោយស្ម័គចិត្តរបស់ប្រជាពលរដ្ឋភូមិកោះកេរ ឃុំស្រយង់ ដើម្បីអោយមេភូមិ និងប្រជាការពារសន្តិសុខ អាជ្ញាធរជាតិព្រះវិហារ ប្រគល់ជូនប៉ុស្តិ៍នគរបាលឃុំស្រយង់ និងសមត្ថកិច្ចជំនាញ ដើម្បីរក្សាទុកបញ្ជូនបន្តទៅស្នងការខេត្ត។
ចំណែកលោកប៉ែន ជឹង អភិបាលស្រុកគូលែន បានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកគូលែន បានចុះប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ លេខ០៣៧ របស់ក្រសួងមហាផ្ទៃ ស្ដីអំពីតួនាទីភារកិច្ច និង សិទ្ធរបស់ប្រជាការពារ ព្រមទាំងផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព គ្រប់ភូមិទាំងអស់ទូទាំងស្រុក ទើបប្រជាពលរដ្ឋបានយល់អំពីទោស យល់អំពីសុខសុវត្ថិភាព ពេញលេញនៅក្នុងមូលដ្ឋាន។ដូច្នេះពួកគាត់មិនភាពរារ៉ែកក្នុងការប្រគល់នូវអាវុធខុសច្បាប់ ឲ្យអាជ្ញាធរឡើយ៕ដោយ៖AFN