ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១២ ខែ ១០ ឆ្នាំ ២០២៤ បុរសម្នាក់ឈ្មោះ កោះ សៀម រស់នៅភូមិត្រពាំងរាំង ឃុំ រណះសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ត្រូវបានកងកម្លាំងមន្ត្រីអភិរក្សព្រៃឈើរបស់លោក បេន ចំនួន ០៦ នាក់ ដឹកនាំដោយលោក បេន ក្នុងនោះមានមន្ត្រីសហគមន៍០២នាក់ មន្ត្រីប៉េអឹម០២នាក់ និងក្រុមការងារលោក បេន០២នាក់ បានចុះមកចាប់ខ្លួនលោក ក្នុងភូមិខាងលើ នៅវេលាម៉ោងប្រហែល ម៉ោង១០ ព្រឹក ដោយពុំដឹងមូលហេតុ។
លោក បេន ដាវិស ដែលជាប្រធានក្រុមមន្ត្រីអភិរក្សភ្នំពកភ្នំត្នោត លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោក កោះ សៀម បានធ្វើសកម្មភាពដាក់ដៃយកត្រីនៅក្នុងដងស្ទឹង ដែលជាតំបន់ការពារបស់រូបលោក។
បើតាមការបញ្ជាក់របស់លោក ម៉ូត ឌី ដែលជាមេភូមិ លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានចំនួន ០៤ អង្គភាព ដែលបានទៅចូលធ្វើបទសម្ភាស អោយបានដឹងថា លោក កោះ សៀម ពិតជាបានដាក់ដៃនៅក្នុងស្ទឹង ដើម្បីយកត្រីពិតប្រាកដមែន ។ ក៏ប៉ុន្តែក្នុងលក្ខណៈតិចតួចចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះ មិនបានដាក់ចូលទៅក្នុងដី ដែលជាដែនការពាររបស់លោក បេន ដូចការចោទប្រកាន់របស់លោក បេន នោះទេ ព្រោះវាស្ថិតនៅក្នុងជើងភូមិត្រពាំងរាំងតែម្ដង នៅឆ្ងាយពី៥០០ម៉ែត្រពីភូមិតែប៉ុណ្ណោះ។
លោកបានបន្តទៀតថា លោក បេន និងមន្ត្រីអភិរក្សរបស់ខ្លួន ដែលចូលមកចាប់នឹងប្រើអំពើហឹង្សាមកប្រជាពលរដ្ឋនៅក្នុងផ្ទះ ហើយបានប្រើអំពើហិង្សាមកលើឈ្មោះ កោះ សៀម អោយរបួសស្នាមយ៉ាងធ្ងន់ធ្ងរ រហូតបាក់ឆ្អឹងថ្កៀម ក្ដោងច្រមុះ ប៉ះពាល់ដល់សួត និងរបួសមុតដៃ ខាងស្ដាំ ហើយកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ។
លោកមេភូមិក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ជូនលោក កោះ សៀម ផង ពីព្រោះរឿងរ៉ាវហេតុការណ៍ជាច្រើនមិនមែនតែឈ្មោះ កោះ សៀម ទេ គឺមានប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងស្រុកសង្គមថ្មី កំពុងមានការព្រួយបារម្ភខ្លាំងណាស់ក្នុងការស់នៅនិងប្រកបជីវភាពចាំថ្ងៃ។
ស្រដៀងគ្នានោះដែរ លោកស៊ាប កែវីវ៉ា អភិបាលស្រុកសសង្គមថ្មី បានឲ្យដឹងថា ករណីនេះលោកបានទទួលសេចក្តីរាយការណ៍ពីលោកអធិការស្រុកមកថា មានករណីហិង្សាជាមួយពលរដ្ឋ ជាមួយក្រុមលោកបេន រហុតបណ្តាលឲ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។លោកបន្តថា បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅភាពយុត្តិធម៌ទាំងសងខាង៕ដោយ៖AFN