Wednesday, May 14, 2025
Header Banner

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកយុទ្ធនាការដើរ ដើម្បីបញ្ឈប់អំពើជួញដូរមនុស្សលើកទី៣ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកយុទ្ធនាការដើរ ដើម្បីបញ្ឈប់អំពើជួញដូរមនុស្សលើកទី៣ ក្រោមអធិបតីភាព លោកជំទាវ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ដែលយុទ្ធនាការដើរ ដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស គឺជាយុទ្ធនាការសកលមួយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីអំពើជួញដូរមនុស្ស និងតស៊ូមតិដើម្បីសេរីភាពសម្រាប់ជនរងគ្រោះ។

  យុទ្ធនាការខាងលើ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា និងពិភពលោក ដោយបានទាក់ទាញអ្នកចូលរួមជាង ១០០០ នាក់ រួមមាន មន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអនុវត្តន៍ច្បាប់ អ្នកមានឥទ្ធិពលនៅលើបណ្តាញទំនាក់ទំនងសង្គម យុវជន និងសមាជិកសហគមន៍ ។ កម្មវិធីដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស ជាយុទ្ធនាការសកលមួយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីអំពើជួញដូរមនុស្ស និងតស៊ូមតិដើម្បីសេរីភាពសម្រាប់ជនរងគ្រោះ ។

    លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា ប្រទេសកម្ពុជាបានចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជា មួយនឹងព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស ដែលត្រូវបានរៀបចំឡើងនៅខេត្តក្រុងចំនួន ៤០០ នៅ៤២ប្រទេស លើកពិភពលោកនេះ ។

   លោកជំទាវ សង្កត់ធ្ងន់ថា៖«ក្នុងព្រឹត្តិការណ៍នេះបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជាចំពោះការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចគាំពារជនរងគ្រោះ។ ជាការកត់សម្គាល់ចំពោះការរៀបចំព្រឹត្តិការណ៍ ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស នៅខេត្តសៀមរាប រយៈពេលបីឆ្នាំជាប់គ្នានេះ បានប្រមូលផ្តុំសហគមន៍ចម្រុះគ្នា ក្នុងការបង្ហាញអំពីក្តីសង្ឃឹម និងភាពធន់ដែលជំរុញនូវជំហរឯកភាពមួយប្រឆាំងនឹងបញ្ហាសកលដ៏បន្ទាន់នេះ»។

ដើម្បីបុព្វហេតុនេះ ព្រឹត្តិការណ៍ដើរដើម្បីបញ្ឈប់អំពើជួញដូរមនុស្សនៅកម្ពុជា មិនត្រឹមតែបានលើកកម្ពស់ការយល់ដឹងប៉ុណ្ណោះឡើយ ប៉ុន្តែថែមទាំងបានជំរុញឱ្យមានវិធានការនានាសំដៅសម្រេចបានពេលអនាគតមួយ ដែលគ្មានអំពើកេងប្រវ័ញ្ច ។ លោកជំទាវ បញ្ជាក់ថា៖«ដើមី្បភាពសុខសាន្តរបស់ប្រជាជាតិនៅលើពិភពលោក និយាយដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា យើងត្រូវរួមដៃគ្នាដើមី្បប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងអស់គ្នា»។

  លោកជំទាវ បានថ្លែងអំណរគុណដៃគូប្រទេសជាមិត្តទាំងអស់ដែលធ្វើជាសាកី្សថា កម្ពុជាមិនថយក្រោយឡើយ ចំពោះការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយយើងធ្វើដំណើរទៅមុខ ដើមី្បជោគជ័យជាចុងក្រោយ ក្នុងការការពារមនុស្ស ការពារអ្នករស់រានមានជីវិតជំនាន់ក្រោយឱ្យរួចផុតពីគ្រោះថ្នាក់ដោយអំពើជួញដូរមនុស្សនេះ ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម