Saturday, November 23, 2024
Header Banner

អ្នកភូមិកំពង់ព្រះឥន្ទ ស្នើសុំទៅតុលាការខេត្តព្រះវិហារ មេត្តាជួយដោះលែងពលរដ្ឋស្លូតត្រង់ពីនាក់ប្តីប្រពន្ធរងការចោទប្រកាន់ករណីគ្រឿងញៀន វិញផង

ខេត្តព្រះវិហារ៖អាជ្ញាធរនិងពលរដ្ឋនៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ព្រមទាំងក្រុមគ្រួសាររបស់ឈ្មោះ ប៉ាត ប៉េណា និងឈ្មោះ បួន ម៉ាឡៃ ស្នើសុំទៅស្ថាប័នតុលាការខេត្តព្រះវិហារ មេត្តាជួយដោះលែងពលរដ្ឋស្លូតត្រង់ទាំង២នាក់ខាងលើនេះផង ព្រោះពួកគាត់មិនដែលឃើញ បុគ្គលទាំង២ពាក់ព័ន្ធនិងករណីគ្រឿងញៀននោះទេ។

ពលរដ្ឋឈ្មោះស៊ិង សែន និងស្ត្រីឈ្មោះវ៉ាត ម៉ៅ ជាពលរដ្ឋនៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅ២ បានលើកឡើងស្រដៀងគ្នាថា ឈ្មោះ ប៉ាត ប៉េណា និងឈ្មោះ បួន ម៉ាឡៃ ជាប្តី ប្រពន្ធ នឹងគ្នា មិនបានពាក់ព័ន្ធករណីគ្រឿងញៀន នោះទេគឺពួកគាត់ជាពលរដ្ឋរកស៊ីប្រកបការងារត្រឹមត្រូវ ហើយម៉្យាងទៀត ឈ្មោះ ប៉ាត ប៉េណា គឺជាមន្ត្រីយោធា ដែលកំពុងជាប់កម្មសិក្សា នៅសាលាឯខេត្តស្ទឹងត្រែង ដល់ថ្ងៃសម្រាកក៏មកជួយការងារប្រពន្ធដូចសព្វដង។ពលរដ្ឋបន្តថា ឈ្មោះ ប៊ុន ឡាន និយាយភាសាខ្មែរមិនសូវច្បាស់ ព្រោះគាត់និយមប្រើតែភាសាឡាវតាំងពីក្មេង ហើយពេលសួរនាំអាចយល់ច្រលំ។លោកម៉ែត ប៊ួន ជាឪពុក របស់ជនត្រូវចោទទាំង៣នាក់ បានលើកឡើងថា កូនច្បងរបស់គាត់ឈ្មោះ ប៊ុន ឡាន គឺអាចជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ តែកូនប្រសាឈ្មោះ ប៉ាត ប៉េណា និងកូនស្រីរបស់គាត់ឈ្មោះ បួន ម៉ាឡៃ គឺជាអ្នកលក់ដូរភេសជ្ជះ និងលក់ទឹកកក ធម្មតា។

លោកបន្តថា កូនប្រសា និងកូនស្រី ពិតជាមិនពាក់ព័ន្ធនឹងករណីគ្រឿងញៀននោះទេ។លោកម៉េត ប៊ួន សំណូមពរឲ្យតុលាការខេត្តព្រះវិហារ មេត្តាជួយស្រាវជ្រាវ រកការពិត ដើម្បីឈានដល់ការដោះលែង កូនប្រសា និងកូនស្រីរបស់គាត់ទាំង២នាក់ឲ្យមានសេរីភាពវិញផង។រីឯកូនច្បង ដែលសមត្ថកិច្ចប្រទះឃើញដឹកគ្រឿងញៀនតាមទូក សូមចាត់ការតាមច្បាប់ចុះ។

លោកសុក ថា មេភូមិកំពង់ព្រះឥន្ទ បានឲ្យដឹងថា ឈ្មោះ ប៉ាត ប៉េណា និងឈ្មោះ បួន ម៉ាឡៃ គឺជាពលរដ្ឋស្លូតត្រង់ ដែលជាអ្នកលក់ដូរភេសជ្ជះ និងលក់ទឹកកក ធម្មតា មិនពាក់ព័ន្ធ នឹងករណីគ្រឿងញៀននោះទេ។លោកសុក ថា មេភូមិកំពង់ព្រះឥន្ទ សំណូមពរឲ្យតុលាការខេត្តព្រះវិហារ មេត្តាជួយដោះលែង២នាក់ប្តីប្រពន្ធខាងលើផង ព្រោះពលរដ្ឋក្នុងភូមិនេះជាច្រើនទទួលស្គាល់ថា ២នាក់ប្តីប្រពន្ធជាមនុស្សល្អ ហើយម៉្យាងទៀត មេបញ្ជាការដែលមេកោយរបស់ឈ្មោះ ប៉ាត ប៉េណា ក៏បានបញ្ចាក់ថាកូនចៅរបស់គាត់គឺជាមន្ត្រីល្អ មិនដែលមានពាក់ព័ន្ធករណីគ្រឿងញៀននោះទេ។ យោងតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បានឲ្យដឹងថា នៅពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខៈ ៤៩៩ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលមានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ ១៧២៩ អ.យ/២០២៤ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទហេរ៉ូអ៊ុនទម្ងន់សុទ្ធ ២គីឡូ និង៤០០ក្រាម, ប្រភេទកេតាមីនទម្ងន់សុទ្ធ ៤៩គីឡូ និង២០០ក្រាម ដែលមានជនត្រូវចោទចំនួន៣នាក់ ទី១.ឈ្មោះ ប៊ុន ឡាន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទៈ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។២.ឈ្មោះ ប៉ាត ប៉េណា ភេទប្រុស អាយុ២៧ឆ្នាំ, ៣.ឈ្មោះ បួន ម៉ាឡៃ ឬ ប៊ុន ម៉ាឡៃ ភេទស្រី អាយុ២៩ឆ្នាំ ត្រូវបានចោទ ប្រកាន់ពីបទៈ សមគំនិត ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិឃុំខាងលើ។

បន្ទាប់ពីបានស្តាប់ចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់ គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទចំនួន ០៣នាក់។ ដោយឡែកជនត្រូវចោទដែលរត់គេចខ្លួនចំនួន០២នាក់ ដោយម្នាក់ត្រូវបានចោទប្រកាន់ពីបទៈ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិឃុំខាងលើ ហើយម្នាក់ទៀត ត្រូវបានចោទប្រកាន់ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិឃុំខាងលើ។ពាក់ព័ន្ធនឹងករណីនេះតុលាការ ចាត់ឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម