ខេត្តព្រះវិហារ៖កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ លោកស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំជំនាញនៃមន្ទីររ៉ែនឹងថាមពល សហការគ្នាជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបទីតាំងជីករុករករ៉ែមាសអនាធិបតេយ្យចំនួន២កន្លែង និងកម្ទេចសម្ភារៈចោលទាំងស្រុង នៅចំណុចភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
សូមជម្រាបថា ទីតាំងជីករុករករ៉ែមាស ខាងលើជាទីតាំងដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ឋអោយក្រុមហ៊ុន(ដែលខមកម្ពុជា)ធ្វើការស្រាវជ្រាវរុករករ៉ែមាស អាជ្ញាធរនិងមន្ទីរជំនាញបានហាមមិនអោយប្រជាពលរដ្ឋជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវឡើយ ពីព្រោះក្នុងឆ្នាំកន្លងមក បានធ្វើអោយកម្មករជីករ៉ែមាសគ្រោះថ្នាក់ស្លាប់ជាបន្តបន្ទាប់ ដោយសារការជីករុករករ៉ែមាស គ្មានបច្ចេកទេសត្រឹមត្រូវ។
លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមការងារបានចុះអប់រំណែនាំដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើជាច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ។ អាជ្ញាធរអនុញ្ញាតអោយជីកតែរណ្តៅរ៉ាក់ៗហាមជីកលុងជ្រៅជាកំពែងចូលជ្រៅទៅក្នុងដីជ្រៅ។
ទីតាំងទី១មានម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោល។ទីតាំងទី២មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ធ្វើនៅក្នុងដីឡូតិ៍ផ្ទះចែឆយ ត្រូវកម្លាំងសមត្ថកិច្ចកំទិចចោលទាំងស្រុង។
លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរំដេង ទាំងអស់ពិសេសកម្មករដែលចំណាកស្រុកមកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿឧបាយកលទុច្ចរិតរបស់ថៅកែៗជីកមាសដោយខុសច្បាប់ និងគ្មានបច្ចេកទេសត្រឹមត្រូវ នាំអោយគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូន៕ដោយ៖AFN