Thursday, November 21, 2024
Header Banner

នគរបាលខេត្តសៀមរាប ចាប់ខ្លួនអតីតអនុប្រធានមន្ទីរបរិស្ថាន និងជាចាងហ្វាង​គេហទំព័រ ម្នាក់ទៅតាមដីកា​ របស់តុលាការ

ខេត្តសៀមរាប៖រសៀល​ថ្ងៃទី២៥ខែតុលា​ ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តសៀមរាប បានចាប់ខ្លួនអតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងជាចាងហ្វាងគេហទំព័រ( Efennews net)ទៅ​ តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់តុលាការ នៅម្តុំផ្លូវត្រាំនាគ សង្កាត់ស្លក្រាម ក្រុង.ខេត្ត​សៀមរាប។

    ប្រភពព័ត៌មានបានឲ្យដឹងថា ការចាប់ខ្លួនលោកចាងហ្វាងរូបនេះ ធ្វើ​ឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលការបង្គាប់ឲ្យចាប់ខ្លួននេះ ក៏ទៅតាមអំណាចសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបងផងដែរ។

  យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលអ្នកសារព័ត៌​មាន​ ទទួលបាន នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ បានឲ្យដឹងថា លោកឈីវ ឈានពិសិដ្ឋ ត្រូវបានលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង ក្នុងសង្កាត់ជ្រាវ ដាក់ពាក្យប្តឹងទៅតុលាការ ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ខែកុម្ភៈនិងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។ហើយបន្ទាប់ពីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់នៅថ្ងៃ​ទី០៩ ខែមីនា ឆ្នាំ២០២១ សាលាដំបូងខេត្តសៀមរាប បានចេញសាលក្រម ផ្តន្ទាទោសលោក ឈីវឈានពិសិដ្ឋ ដាក់ពន្ធនាគារ កំណត់រយៈពេល៦ខែ និងពិន័យជាប្រាក់មួយលានរៀល។

  ដោយសារមិនសុខចិត្តនឹងសាលក្រមនេះ លោកពិសិដ្ឋ បានប្តឹងទាស់ និងប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ប៉ុន្តែការប្តឹងនោះសុទ្ធតែត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ដែលចាត់ការសំណុំរឿងនេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល និងបន្តដល់សាលដីការបស់សាលាឧទ្ធរណ៍ បានចូលជាស្ថាពរ។សូមរម្លឹកថា កាលពីម៉ោងប្រមាណជា២០និង៣០នាទីថ្ងៃទី២៦ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោកស៊ឹម ឈីវឈានពិសិដ្ឋ អតីតអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងពលរដ្ឋ១ក្រុមបានចុះទៅថតរូបភាពទាំងយប់នៅតំបន់សហគមន៍បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជ សត្វស្លាបនិងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះលោកពិសិដ្ឋ បានថត ឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍។ ក្រៅពីនោះក៏បានប្រកាស ប្រាប់មន្ត្រីសហគមន៍ថា រូបគេមកនេះគឺ បានការអនុញាតិពីអាជ្ញាធរខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍ បឹងពារាំងចោល។ បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែករហូតផ្ទុះជាហិង្សាទៅវិញទៅមកតែម្តង។ប៉ុន្តែរឿងនោះក្រោយមកត្រូវបានលោកស៊ីម ឈីវឈានពិសិដ្ឋ បង្ហោះសារជេរប្រមាថ និងចោទប្រកាន់រូបលោក តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន និងគេហទំព័រ ហើយក៏ត្រូវបានលោកគង់ មង្គល ដាក់បណ្តឹង ទៅតុលាការខេត្តសៀមរាប។

   ក្នុងករណីនេះ បន្ទាប់ពីលោកស៊ឹម ឈីវឈានពិសិដ្ឋ ប្តឹងផ្តល់ជាច្រើនឆ្នាំលោកក៏បើកគេហទំព័រមួយឈ្មោះថា គេហទំព័រ អប់រំដើម្បី សេរីភាពនិងបរិស្ថាន(Efennews Net )ដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងៗ។

    ចំណែកគ្រួសាររបស់លោក ស៊ីម ឈីវឈានពិសិដ្ឋ អង្គភាពសារព័ត៌មាន angkor flash news នៅមិនទាន់អាចស្វែងរកសុំការបំភ្លឺជុំវិញករណីឃាត់ខ្លួននេះបានទេ ដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនង។

ដោយឡែកបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តសៀមរាប បានលើកឡើងថា ការអនុវត្តន៍របស់សមត្ថកិច្ចទៅតាមដីកា របស់តុលាការ ដោយមានការប្តឹងផ្តល់គ្នាជាច្រើនឆ្នាំមកហើយ ដោយភាគីម្ខាងបានចាញ់ក្តី។ចំពោះយោបល់អ្នកសារព័ត៌មាន បានលើកឡើងស្រដៀងគ្នាថា ករណីនេះគឺជាសិទ្ធរបស់តុលាការ បើស៊ើបអង្គេតទៅឃើញថាមានកំហុសមែន ទុកឲ្យច្បាប់ជាអ្នកសម្រេចចុះ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម