Thursday, November 21, 2024
Header Banner

ស្នាមញញឹមនៃកម្ពុជា ត្រូវបានប្រារព្ធធ្វើជាលើកទី២ ដើម្បីបង្ហាញដល់ពិភពលោក ឱ្យបានឃើញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា…

ខេត្តសៀមរាប៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួួយសមាគមសិល្បករខ្មែរ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បានរៀបចំព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា”ជាលើកទី២ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២០ នៃកាយាងសោយព្រះសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ការវិលត្រឡប់មកវិញជាលើកទី២ នៃព្រឹត្តិការណ៍”ស្នាមញញឹមនៃកម្ពុជា”នេះ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីវប្បធម៌ នឹងទេសចរណ៍ នឹងត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដ៏ធំនៅចុងឆ្នាំ២០២៤នេះ ដែលជាការរួមបញ្ចូលគ្នា នៃព្រឹត្តិការណ៍ពីក្នុងពេលតែមួយ។

ក្នុងនោះគឺទី១ កម្មវិធី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» ដែលជាព្រឹត្តិការណ៍សម្តែងយ៉ាងអស្ចារ្យពីវីរភាព
ព្រះបាទជ័យវរ្ម័នទី៧ ដោយមានសិល្បករសិល្បការិនីចូលរួមសម្តែងជាច្រើនរយនាក់ នៅក្នុងបរិវេណប្រាសាទអង្គរវត្តតែម្តង។ និងទី២ គឺកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ដែលការបង្ហាញពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរផ្សារភ្ជាប់នឹងប្រាង្គប្រាសាទ ក៏ដូចជាតំបន់ទេសចរណ៍ល្បីៗ ការដាក់តាំងបង្ហាញម្ហូបអាហារបែបខ្មែរ និងការស្វាគមន៍ធ្វើយ៉ាងណាផ្ដល់ស្នាមញញឹមប្រកបដោយភាពកក់ក្ដៅជូនដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួម។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា ដើម្បីជាការដឹងគុណ តបគុណ លោកជំទាវបានដឹកនាំក្រុមការងារ សិល្បករសិល្បការិនី ជាអ្នកបន្តវេន រួមគ្នាថែរក្សា ការពារ និងផ្សព្វផ្សាយពីកេរដំណែលដ៏មហិមារបស់ដូនតាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងជានិច្ចនិរន្តន៍ និងល្បីសុះសាយនៅលើសកលលោក។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មានពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងសៀមរាបអង្គរ ដ៏អច្ឆរិយរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្តរជាតិ បានឈ្វេងយល់បន្ថែម ក៏ដូចជាចូលរួមថែរក្សាប្រពៃណី វប្បធម៌ខ្មែរ ដែលដូនតាបុព្វបុរសបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ក៏ដូចជាចង់ចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរ។ ដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលរួម និងភ្លក់នូវម្ហូបជាច្រេីនមុខ ពិសេសបងប្អូនអាចស្លៀកពាក់សំលៀកបំពាក់បុរាណខ្មែរ ហេីយជនបរទេសបានថតរូបផ្សព្វផ្សាយអំពីទិដ្ឋភាពនៃស្នាមញញឹមដ៏អស្ចារ្យនេះផងដែរ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម