ខេត្តសៀមរាប៖យោងតាមរបាយការណ៍បានឲ្យដឹងថា ជើងហោះហើរថ្មីចំនួន២ មកពីប្រទេសថៃ របស់ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International និងក្រុមហ៊ុនអាកាសចរណ៍ Thai Air Asia បានចាប់ផ្ដើមបើកជើងហោះហើរដំបូងរបស់ខ្លួនឡើងវិញហើយបន្ទាប់ពីអាក់ខានប្រតិបត្ដិការមួយរយៈ ដោយសារវិបត្ដិជំងឺកូវីដ-១៩ ដោយដឹកជញ្ជូនអ្នកដំណើរ ជាប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍ ចាប់ពីចុងខែតុលា ឆ្នាំ២០២៤នេះតទៅ។
សម្រាប់ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍Thai Air Asia បានបើកជើងហោះហើរឡើងវិញមកកាន់អាកាសយានដ្ឋានសៀមរាបអង្គរ ដោយហោះហើរ៣ ជើងក្នុងមួយសប្ដាហ៍(ទាំងទៅទាំងមក)ភូកេត~សៀមរាបអង្គរ។ ដោយឡែក ចំពោះជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways វិញ ក៏បានចាប់ផ្ដើមដំណើរការឡើងវិញរបស់ខ្លួនដែរ ដោយហោះចេញពីព្រលានយន្ដហោះអន្ដរជាតិសុវណ្ណភូមិ មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ និងហោះហើរចេញពីអាកាសយានដ្ឋានសៀមរាបអង្គរ ទៅទីក្រុងបាងកក ជាប្រចាំថ្ងៃ ដោយក្នុងមួយថ្ងៃ០២ ជើងទាំងចេញ និងចូលផងដែរ៕ដោយ៖AFN