Thursday, December 12, 2024
Header Banner

ថ្នាក់ដឹកនាំពន្ធនាគារខេត្តព្រះវិហារ បំភ្លឺប្រាប់សាធារណជន ជ្រាបជាព័ត៌មាន ជុំវិញអ្នកជាប់ឃុំស្លាប់ ៤នាក់

ខេត្តព្រះវិហារ៖បើតាមសេចក្តីបំភ្លឺរប​ស់អង្គភាពពន្ធនាគារខេត្តព្រះវិហារ បានឱ្យដឹងថា នៅក្នុងខែតុលា ឆ្នាំ២០២៤ ពិតជាមានជនជាប់ឃុំចំនួន០៤នាក់ បានស្លាប់ប្រាកដមែន ប៉ុន្តែការស្លាប់នេះគឺនៅថ្ងៃផ្សេងៗគ្នា និងដោយសារជំងឺ ពុំមែនស្លាប់ក្នុងមួយថ្ងៃ ០៤នាក់ ដូចការចុះផ្សាយតាមបណ្តាសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួននោះឡើយ។

    ប្រធានអង្គភាពពន្ធនាគារខេត្តព្រះវិហារ គឺ លោកយន់ ម៉ានី បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា  បន្ទាប់ពីមានគណនីហ្វេសបុកផេកដែលមានឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ និងការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) បានចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក ដោយបានសរសេរសារបង្ហោះថា “អ្នកជាប់ឃុំ នៅមន្ទីរឃុំឃាំងខេត្តព្រះវិហារ ស្លាប់ជាង១០នាក់ ស្លាប់ជាបន្តបន្ទាប់ មួយថ្ងៃ៣នាក់ទៅ៤នាក់” ។

   (រូបភាពឯកសារ)

យោងតា​មលិខិតបំភ្លឺបានឲ្យដឹងកាលពីថ្ងៃទី០២ខែវិច្ឆិកា​ឆ្នាំ២០២៤ ថា នៅក្នុងខែតុលា ឆ្នាំ២០២៤នេះ ពិតជាមានជនជាប់ឃុំចំនួន០៤នាក់ បានស្លាប់ប្រាកដមែន ប៉ុន្តែការស្លាប់នេះគឺនៅថ្ងៃផ្សេងៗគ្នាពុំមែនស្លាប់ក្នុងមួយថ្ងៃ០៣នាក់ដូចការលើកឡើងទេ ហើយការស្លាប់នេះទៀតគឺស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត ពុំមែនស្លាប់នៅក្នុងពន្ធនាគារឡើយ។ អង្គភាពបំភ្លឺថា៖«តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យខេត្តជនជាប់ឃុំទាំងនោះស្លាប់ដោយសារជំងឺរលាកសួត ខ្សោយតំរងនោម ជំងឺទឹកនោមផ្អែម ជាតិពុលក្នុងថ្លើម និងជំងឺគាំងបេះដូង ក្នុងចំណោមអ្នកស្លាប់ទាំង០៤នាក់នេះគឺមានជនជាប់ឃុំចាស់ជរា និងជនជាប់ឃុំដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនពីខាងក្រៅ» ។

  សូមជម្រាបថា អ្នកជាប់ឃុំទាំងអស់នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ត្រូវបានយកចិត្តទុកដាក់មើលថែទាំសុខភាព និងការពិនិត្យព្យាបាលជំងឺជូនពួកគេពីសំណាក់មន្ត្រីពេទ្យពន្ធនាគារ និងមានបន្ទប់ដោយឡែកសម្រាប់ដាក់ជនជាប់ឃុំមានជំងឺរ៉ាំរ៉ៃ ឬចាស់ជរាឧស្សាហ៍ឈឺញឹកញាប់ ដើម្បីងាយស្រួលតាមដានស្ថានភាពជំងឺ និងការពិនិត្យព្យាបាលជំងឺ។ ករណីដែលជនជាប់ឃុំ ឈឺលើសពីសមត្ថភាពជំនាញ អង្គភាពបានបញ្ជូនជនជាប់ឃុំទាំង នោះទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ពុំមានទុកចោលជនជាប់ឃុំណាម្នាក់ ដោយមិនបានមើលថែរហូតដល់ស្លាប់ក្នុងពន្ធនាគារ ដូចការលើកឡើងនោះទេ។

ចំពោះការផ្តល់ម្ហូបអាហារដល់ជនជាប់ឃុំ អង្គភាពពន្ធនាគារបានយកចិត្តទុកដាក់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងទេស ដែលមានគុណភាពយកមកចម្អិនធ្វើម្ហូប និងផ្លាស់ប្តូរមុខម្ហូបជារៀងរាល់ថ្ងៃ ការចម្អិនបានឆ្អិនល្អ ធានាបាននូវអនាម័យ បរិមាណគ្រប់គ្រាន់ មានជីវជាតិ រស់ជាតិសមរម្យទទួលយកបាន ផ្តល់ជូនជនជាប់ឃុំទាំងអស់បានហូបឆ្អែត ចំនួនពីរពេលក្នុងមួយថ្ងៃ ។ នេះបើតាមលិខិតបំភ្លឺដដែល។

   ក្នុងន័យនេះ អង្គភាពពន្ធនាគារខេត្តព្រះវិហារ សូមប្រកាសបដិសេធនឹងខ្លឹមសារដែលបានសរសេរ បង្ហោះខាងលើនេះ ដែលនាំឱ្យមានការយល់ច្រឡំ ទាញចំណេញផលប្រយោជន៍ បំផ្លើសការពិត ធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំអង្គភាព ឬជះឥទ្ធិពលអាក្រក់ដល់បណ្តាញសង្គម និងមានការភ័ន្តច្រឡំជាសាធារណៈ៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម