Thursday, December 12, 2024
Header Banner

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាសប្រារព្ធព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានដឹកនាំរៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្តីសុខ ក្នុងឱកាសប្រារព្ធព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប នាពេលខាងមុខនេះ ដោយពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ត បានឱ្យដឹងថា ដូចបណ្ដាឆ្នាំមុនៗដែរ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមនឹងមន្ទីរអង្គភាពនានា តែងសហការគ្នា រៀបចំកម្មវិធីកម្សាន្តជាច្រើន ដើម្បី្ញញ៉ាំងឱ្យព្រះរាជពិធីបុណ្យអុំទូក កាន់តែមានភាពអធិកអធម។ សម្រាប់ឆ្នាំនេះ បន្ថែមពីព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាបមានរយៈពេល២ថ្ងៃ ដោយមានកម្មវិធីកម្សាន្តជាច្រើន អមទៅដោយការតុបតែងលម្អរដោយភ្លើងចំរុះពណ៌នៅតាមដងស្ទឹង និងតាមផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាវប្បធម៌ដូនតារបស់យើង ឱ្យបានគង់វង្សស្ថិតស្ថេរ និងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាខេត្តសៀមរាប កាន់តែច្រើនថែមទៀត។

ក្នុងនោះលោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់ទិសទីដែលមានបំណងមកកម្សាន្តសប្បាយក្នុងឱកាសអុំទូកនៅខេត្តសៀមរាប សូមចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថាន និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យដំណើរការនៃកម្មវិធីទាំងអស់ប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសប្បាយរីករាយទាំងអស់គ្នា។

សូមជម្រាបថា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលធ្វើឡើងនៅតាមដងស្ទឹងសៀមរាប ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រៅពីពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយយើងក៏មានកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ ក្នុងទាក់ទាញភ្ញៀវទេសចរ៕ដោយ៖AFN ប្រភព មន្ទីរព័ត៌មានខេត្តសៀមរាប

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម