Tuesday, May 13, 2025
Header Banner

នៅទីបំផុតលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19

 អន្តរជាតិ៖បន្ទាប់ពីក្រុមគ្រូពេទ្យ បានធ្វើតេស្តបានបង្ហាញថា លោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19។នៅក្នុងសារបង្ហោះលើ Twitter របស់ លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា «យប់នេះខ្ញុំ និងភរិយាបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ពួកយើងនឹងចាប់ផ្តើមដំណើរការធ្វើចត្តាឡីស័ក និងការព្យាបាលឲ្យជាសះស្បើយឡើងវិញ យ៉ាងឆាប់រហ័ស។ យើងនឹងប្រឈមមុខបញ្ហានេះទាំងអស់គ្នា»។ សាររបស់លោក ដូណាល់ ត្រាំ នេះត្រូវបានបង្ហោះនៅមុនម៉ោង ១ៈ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០។ទីប្រឹក្សាជាន់ខ្ពស់មួយរូបរបស់លោក ដូណាល់ ត្រាំ គឺលោកស្រី ហូប ហីកស៍ (Hope Hicks) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបានរួមដំណើរជាមួយលោក ត្រាំ នៅលើយន្ដហោះពិសេស Air Force One។ លោកស្រី Hicks បានរួមដំណើរជាច្រើនលើកជាមួយលោក ត្រាំ កាលពីពេលថ្មីៗនេះ ក្នុងនោះរួមមានទាំងវេទិកា តស៊ូមតិក្នុងទីក្រុង ក្លេវលែនដ៍ (Cleveland) កាលពីថ្ងៃអង្គារ និងបានអមដំណើរលោកប្រធានាធិបតីអាមេរិករូបនេះ ទៅចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃពុធកន្លងទៅនៅឯរដ្ឋ មីននីសូតា (Minnesota)។
ប្រភពពី សេតវិមានថា លោក ត្រាំ បានថែទាំសុខភាព និងការពារខ្លួនលោកជានិច្ច ហើយក្រុមមន្ត្រីរបស់លោក តែងតែបានអនុវត្តតាមការណែនាំយ៉ាងខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ ក៏ប៉ុន្តែជារឿយៗ លោក ត្រាំ និងក្រុមមន្ត្រីរបស់លោកត្រូវបានគេសង្កេតឃើញថា មិនបានពាក់ម៉ាសឡើយ នៅពេលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។

ករណីឆ្លងជំងឺ COVID-19 របស់ប្រធានាធិបតីអាមេរិកពេលនេះ បានកើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានបញ្ចប់ការតស៊ូមតិលើកដំបូង ជាមួយគូប្រជែងគឺលោក ចូ បៃដិន ប៉ុន្តែភ្លាមៗបែបនេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ នៅមិនទាន់អាចបញ្ជាក់បានទេ៕ដោយ៖សហការី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម