Thursday, December 12, 2024
Header Banner

ឯកឧត្តម ប្រាក់ សុខុន ​ត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស

ភ្នំពេញ៖ នៅព្រឹកនេះ រដ្ឋសភា បានបោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល។ រដ្ឋសភា ក្រោមសំឡេង១១២/១១២សំឡេង បានបោះឆ្នោតឯកភាពទាំងស្រុងលើការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងការតែងតាំងឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្រ្តី។

   នេះជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកទី២ហើយ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលលើកទី១ ត្រូវបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ដោយ ឯកឧត្តម សុខ សូកេន ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច ហើយឯកឧត្តម ហួត ហាក់ ផ្លាស់ទៅជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំនួស ឯកឧត្តម សុខ សូកេន។

   ឯកឧត្តម ប្រាក់ សុខុន វ័យ៧០ឆ្នាំ គឺជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ក្នុងពេល សម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្រ្តី។ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឯកឧត្តម ត្រូវតែតាំងជាអនុប្រធានទី១ នៃព្រឹទ្ធសភា។

    ឯកឧត្តម សុខ ចិន្តាសោភា បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសនេះ នៅរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ១៤ខែប៉ុណ្ណោះ។

   ក្នុងការបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ ​ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមាជិកសភាចូលរួមសរុប១១២រូប។ កិច្ចប្រជុំពេញអង្គនេះមានរបៀបវារៈចំនួន៤រួមមាន៖១៖ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតំាងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប។២៖ ការពិភាក្សានិងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។

៣៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។៤៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម