Thursday, December 12, 2024
Header Banner

អាជ្ញាធរខេត្តព្រះវិហារ បើកវេទិការសាធារណ: ដើម្បីស្ដាប់ទុក្ខកង្វល់ និងដោះស្រាយនូវសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកគូលែន

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ បានបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៤ ដើម្បីស្ដាប់នូវបញ្ហាប្រឈម សំណូមពរ និងដោះស្រាយនូវសំណើរ ដែលជាតម្រូវការចំបាច់នានារបស់ប្រជាពលរដ្ឋក្នុងស្រុកគូលែន ក្រោមអធិបតីភាពឯកឧត្តម ភុន តុលា សមាជិកក្រុមប្រឹក្សាខេត្ត,ឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានរៀបចំធ្វើឡើងនៅបរិវេណសាលាស្រុកគូលែន។

   លោកប៉ែន ជឹង អភិបាលស្រុកគូលែន បានឡើងស្រាយបំភ្លឺ និងដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗក្នុងអង្គវេទិការ រួមមានបញ្ហាទំនាស់ដីធ្លីនិងបញ្ហាផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋលោកអស់ចំងល់ផងដែរ។

  នាឱកាសនោះឯកឧត្តម ភុន តុលា បានថ្លែងលើកឡើងថា វេទិកានាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលនានា​ដែលរាជរដ្ឋាភិបាលបានខិតខំកសាងនាពេលកន្លងមក និងជម្រាបជូនអំពីតួនាទី​ របស់គណៈអភិបាលខេត្ត និងតួនាទីរបស់ក្រុមប្រឹក្សាខេត្ត ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាប។បន្ថែមពីនេះវេទិកានេះ បានផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់ តម្រូវការ សំណូមពរដែលបានលើកឡើងចំគោលដៅទាន់ពេលវេលា ក្នុងការកែលំអរសហគមន៍របស់បងប្អូនឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍តាមមូលដ្ឋាន ដើម្បើឆ្លើយតបទៅនឹងគោលការណ៍ នៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

  ឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ  បានថ្លែងជម្រាបជូនអំពីរបាយការណ៍សង្ខេបរបស់រដ្ឋបាលខេត្តព្រះវិហារ ស្តីពីការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យចាប់ តាំងពីទីប្រជុំជន ក្រុង ស្រុក រហូតដល់ថ្នាក់មូលដ្ឋាន ដែលទាំងនេះ រួមមាន៖ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ វិស័យអប់រំ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ជាច្រើនទៀត ពិសេសការផ្តល់សេវាសាធារណៈ និងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម។

  ឯកឧត្តម អភិបាលរងខេត្តព្រះវិហារ បានថ្លែងលើកឡើងទៀតថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ  និងប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនៅបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយចីរភាព និងប្រសិទ្ធិភាព។

  សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ នៅស្រុកគូលែន នាពេលនេះ ក៏មានការចូលរួមលើកឡើង អំពីបញ្ហាសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ ដូចជា៖បញ្ហទំនាស់ដីធ្លី បញ្ហាបណ្ណក្រីក្រ ជាដើម៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម