Thursday, December 12, 2024
Header Banner

អាជ្ញាធរខេត្តសៀមរាប ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនៅតំបន់បឹងទន្លេសាប នៃស្រុកពួក និងក្រុងសៀមរាប

ខេត្តសៀមរាប៖នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ អភិបាលរងខេត្តសៀមរាប ដឹកនាំកម្លាំងចម្រុះ បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកពួក និងក្រុងសៀមរាប ដើម្បីធ្វើការណែនាំដល់ប្រជានេសាទ កុំឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផល និងធ្វើយ៉ាងណាឲ្យផលត្រីកើនឡើងវិញ។

  លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានឲ្យដឹងថានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប-លោកសោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប
-លោកថ្លៃ ចិន អភិបាលរងនៃគណៈអភិបាលស្រុកពួក-លោកខា អុីត អនុប្រធានការិយាល័យវិវាទកម្ម-លោកនាយ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាបនិងសហការី-កងកម្លាំងប្រដាប់អាវុធ-សហគមន៍នេសាទចុងឃ្នៀសនិងសហគមន៍នេសាទកែវពណ៌។

ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រក្រុងសៀមរាបនិងស្រុកពួក។លោកបន្តថា ក្រុមការងារបានធ្វើការរុះរើនិងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផល នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង០,០៣ម៉ែត្រ បានចំនួន០១ករណី៖ក្បាលលប ចំនួន១២គ្រឿង-របាំងសាច់អួន ប្រវែង១២០០ម៉ែត្រ-ចម្រឹង ចំនួន៦០០ដើម-ព្រលែងត្រីចម្រុះ ចំនួន៣០គីឡូក្រាម។

   លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ជារឿយៗក្រុមការងារចម្រុះ បានបើកយុទ្ធនាការចុះទៅត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងតំបន់ដែននេសាទទាំងអស់នៅជាប់បឹងទន្លេសាប ដោយចាប់ផ្ដើមចុះអនុវត្តពីចំណុចសង្កាត់ចុងឃ្នៀស ឃុំកែវពណ៌ ឃុំកំពង់ភ្លុក ឃុំកំពង់ឃ្លាំង និងឃុំអន្លង់សំណរ ដែលជាតំបន់នៅជាប់មាត់បឹងទន្លេសាបនៃខេត្តសៀមរាប។

លោក ទា គឹមសុទ្ធ បានឱ្យដឹងទៀត ការងារសំខាន់គឺដើម្បីធ្វើការអប់រំសហគមន៍នេសាទផង និងដើម្បីដាស់ស្មារតីមិនឱ្យគាត់ធ្វើនេសាទខុសច្បាប់ ហើយប្រសិនបើយើងមិនចុះទៅបង្ក្រាបទេ គាត់ចេះតែហ៊ាននេសាទលើសពីកម្រិតដែលយើងកំណត់ជូន ដូច្នេះវាអាចនឹងបាត់បង់ជីវចម្រុះទាំងអស់នោះក្នុងបឹងទន្លេសាប។

ជាមួយគ្នានោះដែរអាជ្ញាធរខេត្តសៀមរាប ក៏បានជំរុញឲ្យមន្ត្រីជលផលក៏ដូចជាអាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ៕ដោយ៖កងចក្រ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម