Thursday, December 12, 2024
Header Banner

ថ្ងៃ២៩ វិច្ឆិកា ប្រកាសចូលកាន់តំណែងប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីថ្មី នៃខេត្តព្រះវិហារ…

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីថ្មីខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ដោយលោក សរ សាវេត អតីអនុប្រធានមន្ទីររៀបចំដែនដី ត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីររៀបចំដែនដីថ្មី ជំនួសលោក សំ សារឿន ដែលត្រូវសម្រួលភារកិច្ចទៅបំពេញការងារនៅទីស្តីការ ក្រសួងរៀបចំដែនដីវិញ។

ពិធីនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ទេព ធន រដ្ឋលេខាធិការ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោកអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានចូលរួមអបអរសាទរលោក សរ សាវេត ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងបានរៀបចំពិធីប្រកាសចូលកាន់តំណែងនាឱកាសនេះ។ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរថ្មី ត្រូវរក្សានូវសាមគ្គីភាពផ្ទៃក្នុង មានការទំនាក់ទំនងល្អជាមួយអាជ្ញាធរ មន្ទីរ អង្គភាព ក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងត្រូវយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងការចូលរួមអនុវត្តការងារជំនាញ ស្របតាមច្បាប់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួង និងរាជរដ្ឋាភិបាល និងបន្តជំរុញការងារចុះបញ្ជីដីធ្លី និងការផ្តល់សេវាសុរិយោដីឱ្យកាន់តែមានប្រសិទ្ធិភាព ឆាប់រហ័ស ជឿទុកចិត្តពីប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងដំណាក់កាលនៃការអនុវត្តន៍គោលនយោបាយកំណែទម្រង់ស៊ីជម្រៅ និងជំរុញការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងឈានទៅលប់បំបាត់បញ្ហាទំនាស់ដីធ្លី។

ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ការផ្លាស់ប្តូរមន្ត្រីរាជការនៅក្នុងតំណែងមុខងារសាធារណៈគ្មានរឿងអ្វីចម្លែកទេ មន្ត្រីមុខងារសាធារណៈ ការផ្លាស់ប្តូរ ការតម្លើង ការបន្ថយ ការបញ្ឈប់ គឺជារឿងធម្មតា ដែលមន្ត្រីសាធារណៈគ្រប់រូបតែងតែជួប។ លោកថា លោក សរ សាវេត ដែលទទួលភារកិច្ចបន្តពីលោក សំ សារឿន នេះគឺលោកបានបំពេញភារកិច្ចនៅមន្ទីរនេះបានរយៈពេល២០ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០៤ម្ល៉េះ ដូច្នេះបានន័យថា លោកធ្វើកិច្ចការនៅទីនេះយូរហើយ ប៉ុន្តែអ្វីដែលលោកត្រូវធ្វើបន្ថែមទៀត គឺកត្តាសាមគ្គីផ្ទៃក្នុងអង្គភាពឱ្យបានល្អប្រសើរ។ ឯកឧត្តម ទេព ធន បានថ្លែងលើកឡើងពីការតាំងចិត្តខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នូវគោលការណ៍រួមក្នុងការសម្រេចបានតាមគោលការណ៍បច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នូវចំណុចសំខាន់ៗចំនួន៣៖*ទី១៖ការចុះបញ្ជីដីបង្ហើយ ទី២៖ បរិយាកាសគ្មានវិវាទ ទី៣៖ សេវាគាប់ចិត្ត៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម