Thursday, December 12, 2024
Header Banner

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលផ្ដល់ឈាម នៃស.ស.យ.ក. ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលផ្ដល់ឈាម នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អនុប្រធានស.ស.យ.ក. ទទួលបន្ទុកខេត្តព្រះវិហារ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. និងប្អូនៗយុវជនចំនួន ៥៩១ នាក់។

  ​មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរចំពោះក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ ដែលបានសម្រេចសមិទ្ធផលសាងសង់អគារមណ្ឌលផ្ដល់ឈាមដ៏ថ្មីស្រឡាង នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។

   ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាអនុប្រធានស.ស.យ.ក. ទទួលបន្ទុកខេត្តព្រះវិហារ ដែលបានផ្តួចផ្តើមគំនិត ក៏ដូចជាបានឧបត្ថម្ភគាំទ្រទាំងស្មារតី និងធនធានក្នុងការកសាងអគារមណ្ឌលផ្ដល់ឈាមនេះ។

    ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែក ១៦ មករាទាំងអស់ ដែលបានចូលរួមសហការគាំទ្រគំនិតផ្តួចផ្តើម ជាពិសេសបានផ្តល់ទីតាំងដើម្បីសាងសង់អគារមណ្ឌលផ្ដល់ឈាមនេះ ឱ្យលេចចេញជារូបរាងឡើងនាពេលនេះ។

   ឯកឧត្តមបានគូសបញ្ជាក់ថា អគារមណ្ឌលផ្ដល់ឈាម នៃស.ស.យ.ក. ខេត្តព្រះវិហារ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងបង្កើតអគារមណ្ឌលផ្ដល់ឈាមមួយដែលមានលក្ខណៈស្របនឹងស្ដង់ដាបច្ចេកទេសវេជ្ជសាស្ត្រត្រឹមត្រូវសម្រាប់ខេត្តព្រះវិហារ ជាពិសេសជំរុញចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់សាធារណជនឱ្យកាន់តែមានចំនួនច្រើនឡើង ដើម្បីបំពេញតម្រូវការឈាមសម្រាប់ជួយសង្គ្រោះដល់អាយុជីវិតប្រជាពលរដ្ឋដែលត្រូវការឈាមជាបន្ទាន់នៅក្នុងខេត្តព្រះវិហារនេះផ្ទាល់តែម្ដង។    សូមជម្រាបជូនថា នាពេលកន្លងមក ក្នុងបេសកកម្មរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើម និងរៀបចំកម្មវិធី យុទ្ធនាការ និងព្រឹត្តិការណ៍នានាជាច្រើន ដើម្បីចូលរួមចំណែកជាបន្ដបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមមានវិស័យអប់រំ, ការលើកតម្កើងវប្បធម៌ ប្រវត្តិសាស្រ្ត, ការពង្រឹងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិ, ការងារសង្គម និងស្ម័គ្រចិត្ត និងជាពិសេសវិស័យសុខាភិបាលជាដើម៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម