ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ អ្នកចូលរួមជាអត្តពលិកអាជីព ពាក់កណ្ដាលអាជីព និងមិនមែនអាជីព បានជួបជុំគ្នានៅខាងមុខប្រាសាទអង្គរ ដែលមានចំនួនសរុប ១៣ ៨៧៧នាក់ ក្នុងនោះជនបរទេសមានចំនួន ៣ ៣៤៥នាក់ ដែលមកពី ៨៧ប្រទេស ដែលចំនួននេះ បានបំបែកកំណត់ត្រា នៃការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ តាំងពីឆ្នាំ១៩៩៦ ដែលមានអ្នកចូលរួមប្រមាណជាង ៦០០នាក់ មកពីជាង ១០ប្រទេសតែប៉ុណ្ណោះ។
នៅឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងការបើកព្រឹត្តិការណ៍ និងចូលរួមរត់ជាមួយអត្តពលិកផងដែរ។
ថ្លែងនៅក្នុងទិវាដ៏សប្បាយរីករាយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចូលរួមរបស់អត្តពលិកទាំងអស់ គឺជាការគាំទ្រដល់យុទ្ធនាការអប់រំ សុខភាពសាធារណៈ មនុស្សធម៌ ជាពិសេសជនពិការដែលរងគ្រោះដោយសារគ្រាប់មីន។ ការចូលរួម ដ៏ច្រើននាពេលនេះដែរ បានបង្ហាញពីសក្ខីភាពនៃសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។
គួររំលឹកថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដ៏ធំ និងមានវ័យចំណាស់ជាងគេរបស់កម្ពុជាមួយនេះ មានគោលបំណងចម្បង លើកកម្ពស់ដល់វិស័យមនុស្សធម៌ ជាពិសេសជនពិការដែលរងគ្រោះដោយសារគ្រាប់មីន។ ទិវានេះ មានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងបច្ចេកទេសរត់ប្រណាំងស្ដង់ដារកម្រិតអន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក IAAF និងAIMF។ ការរត់ប្រណាំងអន្តរជាតិនេះដែរ មានវិញ្ញាសារចម្ងាយ ៣ គ.ម ៥ គ.ម ១០ គ.ម និង ២១ គ.ម ៕AFN