ខេត្តសៀមរាប ៖ រមណីយដ្ឋានអង្គរទទួលបានចំណូលជាង៤១,៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ចាប់ពីខែមករា ដល់ខែវិច្ឆិការ កើនឡើងប្រមាណជា ២៨,៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា រយៈពេល១១ខែនៃឆ្នាំ២០២៤ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវសរុប៨៩៨ ៣៣៩នាក់ ដែលរកចំណូលបានជាង៤១,៩លានដុល្លារ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សម្រេចបានជាង១២ម៉ឺននាក់ ដែលរកប្រាក់ចំណូលបាន៥,៩លានដុល្លារ កើនឡើង ២៦,៩៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ រួមមានចូលទស្សនា ១ថ្ងៃមានតម្លៃ៣៧ដុល្លារ ទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និង៧ថ្ងៃមានតម្លៃ៧២ដុល្លារអាមេរិក។
ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកចំណូលបានជាង៩៧ម៉ឺនដុល្លារ ក្នុងរយៈពេល១១ខែពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ គួរបញ្ជាក់ផងដែរថា ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជារយៈពេល១១ខែនៃឆ្នាំ២០២៤នេះ មានចំនួនប្រមាណ១,៧លានដុល្លារ៕ដោយ៖AFN