ខេត្តព្រះវិហារ៖ លោកហោ ប៊ុនហួរ អភិបាលនៃគណៈអភិបាលស្រុក រវៀង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំកងកម្លាំង បានចុះណែនាំដល់ រថយន្តធន់ធំ និងរថយន្តដឹកកសិផលកសិកម្មផ្សេងៗ ឲ្យមានការបន្ថយល្បឿនក្នុងទីប្រជុំជន និងដើម្បីឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋ។
លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានមានប្រសាសន៍ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញនិងបានការអនុញ្ញាតពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្ងៃនេះលោកបានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករវៀង ក្រុមការងារស.ស.យ.ក ស្រុក ចុះដោះស្រាយកង្វល់របស់ពលរដ្ឋករណីដីហុយក្នុងមូលដ្ឋាន និងចុះសួរសុខទុក្ខក្រុមការងាររដ្ឋបាលឃុំ ប្រជាការពារភូមិ ដែលបានជួយសម្រួលចរាចរណ៍លើដងផ្លូវ និងណែនាំដល់រថយន្តធំៗ និងរថយន្តដឹកផលិតផលកសិកម្មផ្សេង ធ្វើការបន្ថយល្បឿនពេលឆ្លងកាត់ទីរួមស្រុករវៀង ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់ ចំនួន៤ឃុំ មានឃុំរបៀប រុងរឿង រស្មី និងរីករាយ។ក្នុងនោះដែរលោកបានឧបត្ថម្ភក្នុងមួយឃុំៗទទួលបាន ទឹកសុទ្ធ១០យួរ ខារាប៉ាវ១កេស សាជី២ និងម៉ាស៤ប្រអប់។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ នៅស្រុករវៀង ដោយមានវត្តមានថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី ជាសមាជិក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងអង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ នៅស្រុករវៀង នាពេលនោះ ក៏មានការចូលរួមលើកឡើង អំពីបញ្ហាសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ ដូចជា៖បញ្ហទំនាស់ដីធ្លី បញ្ហាដីហុយតាមផ្លូវ បញ្ហាទីលានចាក់សំរាម បញ្ហាបណ្ណក្រីក្រ ជាដើម៕ដោយ៖ភ្នំដែក