Wednesday, December 18, 2024
Header Banner

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ស្ថាប័នតុលាការ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត ជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ត។

ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានមានសម្តែងនូវការអបអរចំពោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានទទួលការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការខិតខំបំពេញតួនាទីភារកិច្ចជាកងកម្លាំងការពារ សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ ជូនប្រជាពលរដ្ឋ។ ឯកឧត្ដម ក៏បានមានប្រសាសន៍ ជម្រុញអោយកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងយកចិត្តទុកដាក់លើការងារភូមិឃុំមានសុវត្ថិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងសមិទ្ធផលជាច្រើនដែលស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សម្រេចបានគួរជាទីមោទនៈ ហើយបានឆ្លើយតបទៅនឹងសភាពការណ៍ដែលបានកើតឡើងនាពេលកន្លងមក។ ឯកឧត្តម ក៏បានឯកភាព និងគាំទ្រទាំងស្រុងលើប្រសាសន៍សំណោះសំណាល ផ្តាំផ្ញើ និងចង្អុលណែនាំរបស់ ឯកឧត្តមអភិបាលខេត្ត និងបានស្នើដល់លោកស្នងការ ដាក់បញ្ចូលក្នុងទិសដៅការងារប្រចាំឆ្នាំរបស់ស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្ត។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ អរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត ហើយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។

ឯកឧត្តមអគ្គស្នងការរង ក៏បានលើកយកសមិទ្ធិផល និងស្នាដៃសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤ រួមមាន បញ្ជៀសបានអំពើភេរវកម្ម និងរក្សាបានព្រំដែនសន្តិភាពគ្មានសង្រ្គាមជាមួយប្រទេសជិតខាង ធានាបានជោគជ័យក្នុងឱកាសរៀបចំការបោះឆ្នោតក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពិធីបុណ្យជាច្រើនដោយ ទទួលបានសុវត្ថិភាព និងជោគជ័យទាំងស្រុង។ រក្សាបានសុខសន្តិភាព ស្ថេរភាពជីវភាពសង្គម និងធានាបានប្រក្រត្រីភាពស្ថាប័នរដ្ឋ និងសម្រេចបានសមិទ្ធផលធំៗជាច្រើនទៀត។

ផ្អែកតាមលទ្ធផលបូកសរុបសន្និបាតឆ្នាំ២០២៤ និងការព្យាករណ៍សភាពការណ៍ឆ្នាំ២០២៥ ដើម្បីធានារក្សាបាននូវសុខសន្តិភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ឯកឧត្ដម ឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ណែនាំបន្ថែម ដែលជាទិសដៅជូនដល់ អង្គសន្និបាត ដូចខាងក្រោម ៖ ១.ត្រូវធានាការពារដាច់ខាតខឿនសន្តិសុខជាតិ និងស្ថិរភាពសង្គម ២.ជម្រុញការងារប្រឆាំងបទល្មើស ដោយត្រូវសហការជាមួយក្រុមប្រតិបត្តិការជំនាញ នៃផែនប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ។ ៣.ពង្រឹងការងារសណ្តាប់ធ្នាប់សាធារណៈ ត្រូវខិតខំរៀបចំសម្រួលសណ្ដាប់ធ្នាប់តាមទីប្រជុំជន សាលារៀន (រំដោះចិញ្ចើមផ្លូវ ចំណីផ្លូវ បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់)និងចរាចរណ៍ផ្លូវគោក ដោយបង្កើនវិធានការផ្សព្វផ្សាយអប់រំតាមគ្រប់មធ្យោបាយ គ្រប់រូបភាពគ្រប់គោលដៅ និងបង្កើនការអប់រំវិន័យ សីលធម៌អាកប្បកិរិយាមន្រ្តីនគរបាលចរាចរណ៍ជាប្រចាំ ដើម្បីបញ្ជៀសឱ្យបានភាពអសកម្ម ការកោសរួសប្រជាពលរដ្ឋ។

ការងារអគ្គីភ័យ ត្រូវរៀបចំកម្លាំង មធ្យោបាយ ធ្វើការហ្វឹកហាត់ ត្រៀមអន្តរាគមន៍ និងសង្រ្គោះ, ត្រូវផ្សព្វផ្សាយតាមរយៈវេទិកា “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”អំពីវិធានការបង្ការ ពន្លត់អគ្គីភ័យបឋមដោយប្រើប្រាស់ឧបករណ៍បែបបុរាណ ឬសម័យ ហើយចូលរួមជាចលនាជាមួយកម្លាំងពន្លត់អគ្គីភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន និងត្រូវធ្វើសមយុទ្ធជាក់ស្ដែងលើផែនទី (កំណត់ភូមិសាស្រ្តអាទិភាព ច្រកសង្រ្គោះ)។៤.ការងារព្រំដែន ត្រូវបន្តសហការជាមួយ កងយោពលខេមរភូមិន្ទ រក្សាសន្តិសុខព្រំដែន បង្ក្រាបទល្មើស បង្កើនការហ្វឹកហាត់, ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង សមត្ថភាព វិន័យ លើកកម្ពស់ជីវភាព ដាំដុះ បង្កបង្កើនផល។៥.គាំទ្រដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវបញ្ចុះកម្លាំងគាំទ្រប៉ុស្ដិ៍ បេសកម្ម (វែង-ខ្លី) ការផ្ទេរភារកិច្ច ម្ចាស់ការលើកម្ពស់សមត្ថភាពជំនាញ ប្ដូរឥរិយាបថមន្រ្តីប៉ុស្ដិ៍, ត្រូវជម្រុញការផ្តល់សេវាតាមតម្រូវការចាំបាច់នានា(ហាមកោសរូស), ពង្រឹងការគ្រប់គ្រងមនុស្ស មធ្យោបាយ អាវុធ ជាតិផ្ទុះមុខរបរពិសេស (ពិសេសការគ្រប់គ្រងវត្តមានជនបរទេសក្នុងមូលដ្ឋានតាមរយៈលិខិតឆ្លងដែន ទិដ្ឋាការស្នាក់នៅ និងមុខរបរ)។៦.ពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍ ត្រូវមានវេនប្រចាំការ ត្រៀមអន្តរាគមន៍ តាមដាន ប្រតិកម្មរហ័ស បកស្រាយ បន្សាបឥទ្ធិពលព័ត៌មានអវិជ្ជមាន ដែលបង្ខូចកតិ្តយសកងកម្លាំង។៧.ពង្រឹងការងារគ្រប់គ្រងកម្លាំងក្នុងអង្គភាព ត្រួតពិនិត្យលទ្ធផលការងារតាមការបែងចែកប្រគល់ភារកិច្ច (មានកិច្ចប្រជុំទៀងទាត់រាល់ខែ ជាមួយ ស្នងការរង និងការិ.ជំនាញ) ពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តី ដែលមានមុខជាក់ស្ដែងបំពេញការងារ ហើយរាល់ការសុំច្បាប់ធ្វើឡើងតាមគោលការណ៍កំណត់៕ដោយ៖AFN

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម