ភ្នំពេញ៖ដែលរៀបចំនៅទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង Mr. Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំប្រទេសកម្ពុជា និង តំណាងស្ថានទូតស៊ុយអែត បានអញ្ជើញចូលរួមសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ “លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
សន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ រៀបចំឡើងក្នុងគោលបំណងបង្កើតជា វេទិកាមួយសម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ ចែករំលែក បទពិសោធន៍ និង ការអនុវត្តល្អៗ ក៏ដូចជាលើកឡើងពីកាលានុវត្តភាព និង បញ្ហាប្រឈមដែលបាននិងកំពុង កើតមានឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថលនេះ សំដៅរួមគ្នាស្វែងរកដំណោះស្រាយសបស្រម ដើម្បីបន្តលើក កម្ពស់ក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និង សោតទស្សន៍នៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា : គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានបានចុះបញ្ជីជាផ្លូវការចំនួន ១៦២០ ។ យោងលទ្ធផលនៃការស្ទង់មតិស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងនោះទស្សនាវត្តី ១៩៤ អង្គភាព គេហទំព័រ និង ទូរទស្សន៍អនឡាន ៩៣៣ អង្គភាព កាសែត ៤៤៧ អង្គភាព ស្ថានីយ៍វិទ្យុ FM ២៨៣ ស្ថានីយ៍ AM ០១ ស្ថានីយ៍ ទីភ្នាក់ងារសារព័ត៌មានបរទេស ២៧ អង្គភាព ព្រឹតិ្តបត្រ ២១ អង្គភាព សមាគមសារព័ត៌មាន ៥២ អង្គភាព បណ្ណសារព័ត៌មាន ៣២០១ បណ្ណ រោងពុម្ព ១១៣ អង្គភាព សៀវភៅ ២២ អង្គភាព ភ្នាក់់ងារផ្សព្វផ្សាយ ០២ អង្គភាព។
សន្និសីទដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តឡើងមួយថ្ងៃពេញ ដោយមាន កិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១. ការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព ទី២. ការលើកកម្ពស់ និងពង្រឹងគុណភាពសារព័ត៌មាន ទី៣. និរន្តរភាពប្រព័ន្ធផ្សព្វផ្សាយ និងបរិវិត្តកម្មឌីជីថល បញ្ហាប្រឈម និងកាលានុវត្តភាពនៃភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា។
សន្និសីទនេះ មានការអញ្ជើញចូលរួមពីគ្រប់ដៃគូរពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយរាប់បញ្ចូលទាំងមន្ត្រីក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត អង្គការមិនមែនរដ្ឋាភិបាលដែលអនុវត្តការងារ លើប្រព័ន្ធផ្សព្វផ្សាយ សមាគមសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល គ្រឹះស្ថាន អប់រំ វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា និង សិស្ស និស្សិត សរុបជិត២០០នាក់៕ដោយ៖AFN