ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ដ្រីខេត្ត បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកនូវថវិកា ដែលជាអំណោយរបស់ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមនិងសប្បុរសជននានាក្នុងខេត្ត ទៅផ្ដល់ជូនគ្រួសារស្ដ្រីសម្រាលកូនដោយវះកាត់ ដែលកំពុងជួបការលំបាក ខ្វះខាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករាខេត្តព្រះវិហារ។

ស្ដ្រីសម្រាលកូនខាងលើនេះមានឈ្មោះ រឿង ណែត អាយុ ២៣ឆ្នាំ មានប្ដីឈ្មោះ បុណ យៀប អាយុ ២៥ឆ្នាំ មានទីលំនៅនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បានមកសម្រាកនិងសម្រាលកូនដោយវះកាត់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសុខភាពល្អទាំងម្ដាយ និងកូន បច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិអោយវិលត្រលប់ទៅលំនៅដ្ឋានវិញ។ថ្លែងក្នុងឱកាសនោះ លោកជំទាវ ខូយ ប៊ុនថាន ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ក្ដីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ចំពោះគ្រួសារខាងលើ ពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងបានចូលរួមអបអរសាទរដែលប្រសូត្របានសមាជិកថ្មីជាទីស្រលាញ់។

ទន្ទឹមនេះដែរលោកជំទាវក៏បានផ្ដាំផ្ញើដល់ស្ដ្រីខាងលើ ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាព ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវអនុវត្តទៅតាមការណែនាំរបស់គ្រូពេទ្យ។គួររំលឹកថាកាលពីកន្លងទៅថ្មីៗនេះ ដោយមើលឃើញពីជីវភាពទីទាល់ និងជួបទុក្ខលំបាករបស់គ្រួសារលោកស្រី រឿង ណែត ក្រុមចលនាស្ដ្រី ដែលមានលោកជំទាវ ខូយ ប៊ុនថាន ជាប្រធាន ក៏បានចុះទៅជួយសម្របសម្រួលជាមួយអាជ្ញាធរឃុំដើម្បីសុំចេញបណ្ណសមធម៌ និងបានប្រគល់ជូនដល់គ្រួសារខាងលើរួចរាល់ផងដែរ៕ដោយ៖រដ្ឋា

