Monday, January 6, 2025
Header Banner

ស្ត្រីម្នាក់ឈឺពោះសម្រាលកូនតាមផ្លូវនៅតំបន់ដាច់ស្រយាល ត្រូវបានក្រុមគ្រូពេទ្យ មណ្ឌលសុខភាពកោះកេរ ជួយសង្គ្រោះទាន់ពេល

ខេត្តព្រះវិហារ៖ស្ដ្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមផ្លូវ ត្រូវបានជំនាញពេទ្យឆ្មប នៃមណ្ឌលសុខភាពកោះកេរ ជួយសង្គ្រោះបានទាន់ពេលវេលា ខណៈស្ដ្រីរូបនេះត្រូវបានក្រុមគ្រួសារកំពុងបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាលកូន។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ស្ដ្រីសម្រាលកូនខាងលើបានរៀបរាប់ថា ក្នុងថ្ងៃកើតហេតុណ៍ ខ្លួនមិនដឹងថាឈឺពោះសម្រាលកូននោះទេ តែក្រោយពីបត់ជើងតូចក៏ស្រាប់មានអាការៈឈឺពោះចង់សម្រាល ភ្លាមៗនោះក្រុមគ្រួសារក៏បានហៅគោយន្ដ និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ។ ដោយសារលំនៅដ្ឋាននៅឆ្ងាយពីមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកភូមិក៏បាន ទំនាក់ទំនងទៅកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ។ លោកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាពកោះកេរ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកស្រីក៏បានបញ្ជូនរថយន្ដគិលានសង្គ្រោះ និងជំនាញពេទ្យឆ្មបដើម្បីទៅទទួល លុះពេលកំពុងធ្វើដំណើរ ក៏បានជួបគោយន្ដដែលដឹកស្ដ្រីរូបនោះតាមផ្លូវនៅចំណុចកើតហេតុណ៍ និងបានចុះជួយសង្គ្រោះដល់ម្ដាយ និងទារក បានទាន់ពេលវេលា។ បន្ទាប់មកក៏បាន បញ្ជូនស្ដ្រីជាម្ដាយ និងទារកមកកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីបន្ដពិនិត្យព្យាបាល។

លោកស្រីប្រធានមណ្ឌលបន្ដថា ដោយទារកមានទំងន់ទាបពេក (ទំងន់ ១គីឡូក្រាម) ហើយមណ្ឌលសុខភាពក៏គៀកទៅនឹងខេត្តសៀមរាប លោកស្រីក៏សម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារកទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដការតាមដាន និងព្យាបាល តាមរយៈរថយន្ដគិលានសង្គ្រោះរបស់មណ្ឌលសុខភាព។ ស្ដ្រីដែលសម្រាលកូនខាងលើ មានឈ្មោះ ចេន អាន អាយុ ១៨ឆ្នាំ រស់នៅភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយសម្រាប់កូនដែលសម្រាលនេះ គឺជាកូនដំបូង ប៉ុន្ដែទើបតែពពោះបាន ២៨សប្ដាហ៍ប៉ុណ្ណោះ (ស្មើនិង ៧ខែ)។ បច្ចុប្បន្នស្ដ្រីជាម្ដាយ និងទារក បានបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយសុវត្ថិភាព៕ដោយ៖រដ្ឋា

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម