ខេត្តសៀមរាប៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះបង្ក្រាទីតាំងដេប៉ូឈើចំនួន២ ផ្ទុកឈើល្មើសច្បាប់ជាច្រើនម៉ែត្រគូប ប្រគល់ឱ្យរដ្ឋបាលព្រៃឈើខេត្តសៀមរាបបន្តនីតិវិធី។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១០:៤០នាទីថ្ងៃទី០៤ខែមករាឆ្នាំ២០២៥ ទីតាំងទី១នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក និងទីតាំងទី២នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប។
លោក វរសេនីយ៍ឯក នួន សារ៉ុន ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានចុះបង្រ្កាបដេប៉ូឈើ ចំនួន០២ទីតាំង៖ទីតាំងទី១ វេលាម៉ោង ១០:៤០នាទី ម្ចាស់ទីតាំងឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប។ វត្ថុតាងដកហូតរួមមាន៖ម៉ាស៊ីនរ៉ៃបញ្ឈរ ចំនួន ០១ គ្រឿង- ផ្លែរណាចំនួន ០១ ខ្សែ- រថយន្តម៉ាក KIA ចំនុះ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ 2S 3164- ដុំកាមេរ៉ាសុវត្ថិភាពចំនួន០១។
ទីតាំងទី០២ វេលាម៉ោង ០២:១០នាទី ម្ចាស់ទីតាំងឈ្មោះ វិន សុហេង ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្ត សៀមរាប។វត្ថុតាងដកហូតរួមមាន៖⁃ ឈើចំរុះ សរុប ០៥ PC ស្មើនិង ៦១,៧២៣ម៉ែត្រគីប (PC គិតចាប់ពីឆ្នាំ២០២៤)⁃ វាស់ជាក់ស្ដែង មានចំនួន ៧១,២៤០ ម៉ែត្រគីប⁃ ឈើប្រភេទលេខ០១ ដែរត្រូវដកហូត មានចំនួន ៩,៥១៧ ម៉ែត្រគីប។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។
ប្រភពព័ត៌មានបានឲ្យដឹងថា ការណ៍ដែលកម្លាំងសមត្ថកចិ្ចចុះបង្ក្រាបនេះ គឺបន្ទាប់ពីមានសេចក្តីរាយការណ៍យ៉ាងល្អិតល្អន់ ពីលោកតាន់ គឹមសួរ អ្នកការពារព្រៃឈើនៅកម្ពុជា។
ទោះជាយ៉ាងនេះក្តីគេនៅមិនទាន់ដឹងថា សមត្ថកិច្ចខេត្តសៀមរាប នឹងបន្តចុះពិនិត្យដេប៉ូឈើស្របច្បាប់ក្នុងខេត្តសៀមរាប ដែលលួចលក់ឈើល្មើសច្បាប់បានដល់ឫសគល់ដែររឺទេ ព្រោះសព្វថ្ងៃគេសង្គេតឃើញមានក្រុមឈ្មួញដឹកជញ្ជូនជាហូរហែចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប យ៉ាងគំហុគ។
មហាជនមានសង្ឃឹមយ៉ាងមុតមាំថា កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប និងសហការគ្នាបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យដល់ឫសគល់ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដើមឈើទាំងនោះផង៕ដោយ៖ខ្មែរអង្គរ