Thursday, January 9, 2025
Header Banner

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប៖ ជំរុញឱ្យមន្ត្រីរាជការទូទាំងខេត្តត្រូវសហការគ្នាបំពេញតួនាទីភារកិច្ចឱ្យបានល្អ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប…

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត ត្រូវចូលរួមសហការគ្នាឱ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងន័យដើម្បីបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម លី សំរិទ្ធ មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ នឹងអាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញ នៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។ ជាមួយគ្នានេះ វិស័យទេសចរណ៍នៅខេត្តសៀមរាប បានចាប់ផ្តើមមានកំណើនជាបណ្តើរៗឡើងវិញគួរឱ្យកត់សម្គាល់ និងសំដៅធ្វើការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សមជាខេត្តគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានសម្រាប់ឆ្នាំ២០២៤កន្លងទៅនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរក្រុងស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឱ្យខាងតែបាន រាល់បទល្មើសដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ដើម្បីធានានូវសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តខេត្តសៀមរាប។

ជាមួយគ្នានោះ ចំពោះអាជ្ញាធរក្រុងស្រុក ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឱ្យខាងតែបានចំពោះបុគ្គលណាដែលបំពានកាប់រានទន្ទ្រានព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ជម្រកព្រៃឈើនៃតំបន់ឧទ្យានជាតិ និងបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់បីនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ជាពិសេសអាណាព្យាបាល ត្រូវធ្វើការណែនាំអប់រំដល់កូនចៅ បងប្អូនសាច់ញាតិរបស់ខ្លួន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងក្រុមក្មេងទំនើង ព្រមទាំងបញ្ហាផ្សេងៗ សំដៅលុបបំបាត់ឱ្យអស់នូវប្រពៃណីអន្តរាគមន៍។ ឯកឧត្តម ក៏បានធ្វើការកោតសរសើរ ចំពោះកងកម្លាំងទាំងបី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងបរិស្ថាន ក្នុងការលើកកម្ពស់ដល់វិស័យ ទេសចរណ៍ក្នុងខេត្តសៀមរាប ដែលធ្វើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ មានការជឿជាក់មកលើប្រទេសកម្ពុជាយើង៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម