ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ៧ខែមករាឆ្នាំ២០២៥ ពលរដ្ឋជាច្រើននាក់ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ សប្បាយចិត្តរហូត ស្រក់ទឹកភ្នែកដោយមិននឹកស្មានដល់ថា បានទទួលប្លង់កាន់កាប់ដីធ្លីស្របច្បាប់ បន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ឆ្វៀលដីនោះជូនពួកគាត់ ព្រោះដីនោះមានបញ្ហារ៉ាំរ៉ៃជាង២០ឆ្នាំមកហើយ។
លោកយាយវង់ សាវ៉ាន អាយុជាង៧០ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល បានរៀបរាប់ទាំងទឹកភ្នែកដោយភាពក្តុកក្តួលថា ដីនោះគាត់បានត្រួតត្រាយអាស្រ័យផលជាង ២០ឆ្នាំមកហើយដោយ មិនទាន់បានប្លង់កាន់កាប់ ទើបតែថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានស្នើទៅសម្ដេចហ៊ុន សែន ដើម្បីកាត់ឆ្វៀលដីនោះជូនប្រជាពលរដ្ឋ ដើម្បីមានប្លង់កម្មសិទ្ធិស្របច្បាប់ដូចគេឯង។លោកយាយបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានគិតគូរពីការសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី០៧ខែមករាឆ្នាំ២០២៥ថា ដោយឃើញដីនោះមានភាពរ៉ាំរ៉ៃ យូរឆ្នាំមកហើយ ទើបលោក ដាក់សំណើរទៅប្រមុខនៃរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានគិតគូរពីការសុខទុក្ខរបស់ពលរដ្ឋ ហើយបានសម្រេចកាត់ឆ្វៀលដីនៅតំបន់កូនភ្នំ ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ជូនប្រជាពលរដ្ឋចំនួន១.០៤៦ក្បាលដី។ក្នុងឱកាសថ្ងៃ ៧ មករានេះអាជ្ញាធរខេត្តព្រះវិហារនិងមន្ត្រីជំនាញបានរៀបចំ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ភារកិច្ចសង្កាត់បាល់ហាលក្រុងព្រះវិហារ ដើម្បីជាកាដូជូនដល់ពលរដ្ឋ។
ឯកឧត្តមក៏បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបបរអធិបតីហ៊ុនម៉ាណែតតែងតែគិតគូរជាការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះវិហារ ជាពិសេសគឺសម្ដេចបានដាក់គោលការណ៍ឲ្យខេត្តព្រះវិហារធ្វើយ៉ាងណាជំរុញវិស័យទេសចរណ៍ឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកកំសាន្តក្នុងខេត្ត និងទី ២ ជំរុញលើវិស័យកសិកម្មធ្វើយ៉ាងណាឲ្យដំឡូង,ស្រូវនិងស្វាយចន្ទី របស់ពលរដ្ឋមានទីផ្សារ លក់ចេញទៅលើទីផ្សារបានល្អប្រសើរ៕ដោយ៖ភ្នំដែក