Thursday, January 16, 2025
Header Banner

សមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារ ចុះបិទសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតចំនួន២កន្លែង នៅឃុំស្រអែម…

ខេត្តព្រះវិហារ៖ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមការងារគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ខេត្តព្រះវិហារ ចុះបិទទីតាំងបន្ទប់ថែទាំជំងឺចំនួន២កន្លែង នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនឱ្យបើកដំណើរការជារៀងរហូត។

   ជុំវិញករណីនេះដែរ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឲ្យអ្នកព័ត៌មានដឹងថា  សមាសភាពគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលគ្មានច្បាប់អនុញ្ញាត ដែលចុះបិទសេវាសុខាភិបាលឯកជនទាំង២ទាំងតាំងនេះ ដឹកនាំដោយលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងរូបលោកផ្ទាល់ ដោយមានការចូលរួមពីអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ នៃស្រុកជាំក្សាន្ត និងលោក លោកស្រីក្រុមការងារសេវាឯកជន នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជាច្រើនរូនទៀត។

  លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ទៀតថា ទីតាំងសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតទាំង២កន្លែងដែលបានបិទរួមមាន៖ទី១៖ បន្ទប់ថែទាំជំងឺឈ្មោះ កែប សុផល ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ទី២៖ បន្ទប់ថែទាំជំងឺឈ្មោះ លី សេង ស្ថិតនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

  លោក គួង ឡូ បញ្ជាក់ថា ដើម្បីបង្ហាញថា ទីតាំងសេវាសុខាភិបាលឯកជនមួយមានច្បាប់ទំលាប់ត្រឹមត្រូវ ពិសេសដើម្បីផ្តល់ភាពជឿទុកចិត្តពីប្រជាពលរដ្ឋ។

  លោកវេជ្ជបណ្ឌិត គួង ឡូ បានបន្តថា ដោយធ្វើការសំណូមពរដល់ម្ចាស់ទីតាំង សេវាសុខាភិបាល ឯកជនទាំងអស់ ត្រូវដាក់តាំងបង្ហាញច្បាប់អនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវរបស់ខ្លួនឱ្យពលរដ្ឋបានឃើញ ដោយលោកលើកឡើងថាការដែលម្ចាស់ទីតាំងដាក់បង្ហាញច្បាប់អាជីវកម្មត្រឹមត្រូវ គឺជាការចំណេញរបស់គាត់ទៅវិញទេ ព្រោះប្រជាពលរដ្ឋពេលដែលគាត់ចូលមក ហើយមើលឃើញថា កន្លែងដែលគាត់មកទទួលសេវា គឺមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ជាកន្លែងមួយដែលស្របច្បាប់ មានន័យថាកន្លែងហ្នឹងមានគុណភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះគាត់នឹងមិនព្រួយបារម្ភពេលមកទទួលសេវានៅកន្លែងយើងនោះទេ ហើយក៏ជាការបង្ហាញនូវការចូលរួមលុបបំបាត់សេវាសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ប្រជាពលរដ្ឋលើកឡើងថា សូមអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យទីតាំងផ្តល់សេវាសុខភាព ដល់ពលរដ្ឋជាច្រើនកន្លែង នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រះវិហារ ផង ដែលកំពុងដំណើរការជារៀងរាល់ថ្ងៃផង៕ដោយ៖ភ្នំដែក

 

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម