ភ្នំពេញ ៖សមត្ថកិច្ចបានឲ្យដងថា មន្ត្រីនគរបាលម្នាក់បាញ់សម្លាប់ប្រពន្ធបណ្តាលឲ្យស្លាប់រួចក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ សង្ស័យផ្តើមចេញពីភ្លើងប្រច័ណ្ឌ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី៣ ខែតុលា ស្ថិតក្នុងផ្ទះល្វែងជាន់លើតាមបណ្តោយផ្លូវ៥៣បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរវត្តដំបូកខ្ពស់។ សមត្ថកិច្ចបន្តថា ជនរងគ្រោះជាប្រពន្ធដែលស្លាប់នោះមានឈ្មោះកែវ ស្រីដា អាយុ៥២ឆ្នាំមានស្រុកកំណើតខេត្តក្រចេះ។ដោយប្តីដែលបាញ់សម្លាប់ខ្លួនតាមក្រោយនោះមានឈ្មោះអ៊ុក ម៉ារ៉ាឌី មុខរបរជានគរបាលនិងមានស្រុកកំណើត ភូមិភ្នៅ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមសាក្សីបំភ្លឺថា មុនពេលកើតហេតុមានឮស្នូរផ្ទុះអាវុធខ្លីចំនួន៣គ្រាប់ផ្ទួនៗគ្នានៅលើផ្ទះជាន់លើដែលជនរងគ្រោះទាំងពីរស្នាក់នៅហើយការបាញ់សម្លាប់នេះគឺដោយសារតែប្តីប្រចណ្ឌប្រពន្ធ។ ទាក់ទិនទៅនិងជីវប្រវត្តិពួកគាត់ទាំងពីរគឺប្តីជាបុរសពោះម៉ាយមានកូន១។ចំណែកប្រពន្ធក៏ជាស្ត្រីមេម៉ាយកូន៤នាក់ដែលក្នុងនោះមាន២នាក់រស់នៅឯប្រទេសអូស្ត្រាលីនឹង២នាក់ទៀតរស់នៅស្រុកខ្មែរ។ ករណីនេះគេសង្ស័យថា អាចផ្តើមចេញពីភ្លើងប្រច័ណ្ឌ៕នាយតុញ