ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាកម្លាំងនគរបាលក្រុងសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី (ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣នាក់។

សមត្ថកិច្ចបន្តថា ជនសង្ស័យទី១. ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប។ទី២. ឈ្មោះ បាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ( ជាអ្នកកាន់កាំបិតបុ័ងតោ )។ទី៣. ឈ្មោះ យ៉ង ចំណាន អាយុ១៥ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ជាម្ចាស់កម្មសិទ្ធកាំបិតបុ័ងតោ) បានថតវីដេអូរបង្ហោះលើបណ្ដាញសង្គម នៅចំណុចផ្ទះរបស់ឈ្មោះ បាន សីហា នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មកសួរនៅស្នាក់ការនគរបាលអចិន្ត្រៃយ៍២ ដោយឡែកបក្ខពួកម្នាក់ទៀតឈ្មោះ ជា សុភ័ក្រ ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ (បច្ចុប្បន្នគេចខ្លួន) ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការនគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនស្ង្ស័យទាំងនេះទៅតុលាការចាត់ការតាមច្បាប់។
សូមជម្រាបផងដែរថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជារយ៉ាងតឹងរឹង ម៉ត់ចត់ឲ្យកម្លាំងនគរបាលទូទាំងខេត្តសៀមរាប ចុះល្បាតស្រាវជ្រាវមុខសញ្ញា ក្រុមក្មេងទំនើងនិងបទល្មើសផ្សេងៗជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តសៀមរាប មានសណ្ដាប់ធ្នាប់ល្អនិងសុខសន្តិសុខល្អ ជូនដល់ពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ៕ដោយ៖វិសាល




