ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្ដមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានទទួលស្វាគមន៍ និងជួបសំដែងការគួរសម ជាមួយគណៈប្រតិភូអង្គការអតីតយុទ្ធជនសង្រ្គាមថៃ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ DETNITIT LUANGNGAMKUM ជាប្រធាន និងលោកជំទាវ ARNUSARA ROJANAPRADITH ព្រមទាំងប្រតិភូអមដំណើរ៦រូបទៀតដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការ និងផ្លាស់ប្តូរបទពិសោធន៍ការងារ នៅខេត្តសៀមរាប។

នៅក្នុងជំនួប និងសំដែងការគួរសមនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូ និងបានរាយការណ៍អំពីការងារស្នូល និងវឌ្ឈនភាពរការងារបស់សមាគមអតីតយុទ្ធជនខេត្តសៀមរាបផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ប្រធានគណៈប្រតិភូថៃ បានលើកឡើងអំពីការងាររបស់អង្គការអតីតយុទ្ធជនថៃ និងទទួលយកនូវបទពិសោធន៍ការងារ ក្នុងដំណើរទស្សនកិច្ចរវាងភាគីទាំងសងខាងនាពេលខាងមុខ។ ជាចុងក្រោយ ឯកឧត្តម ប្រធានស.អ.ក ខេត្តសៀមរាប បានជូនពរ ចំពោះគណៈប្រតិភូអង្គការអតីតយុទ្ធជនថៃ ក្នុងដំណើរទស្សនកិច្ចនេះ ប្រកបដោយសេចក្តីសោមនស្សរីករាយ និងជោគជ័យ ៕



