ខេត្តសៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យភេទទី៣ ចំនួន២នាក់ ករណីលួចកាបូបលុយជនបរទេស និងប្រើប្រាស់ខុសច្បាប់នូវសាធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៅខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់។ ទី១.ឈ្មោះ ចាន់ មាន ភេទប្រុស (តែងខ្លួនស្រី) អាយុ៣២ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ធ្លាប់ជាប់គុកចំនួន០១ឆ្នាំ និងជាប់មណ្ឌលអប់រំកែប្រែ និងស្ដារនីតិសម្បទាចំនួន០៤ខែពាក់ព័ន្ធគ្រឿងញៀន។២.ឈ្មោះ សំ សុភា ភេទប្រុស (តែងខ្លួនស្រី) អាយុ៣៩ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៣:០០នាទី នៅចំណុចតូបទុកចោល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប មានករណីអំពើលួច បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណដែលជាភេទទីបី បានធ្វើសកម្មភាពលួចកាបូបលុយចំនួន០១ពីជនរងគ្រោះឈ្មោះ ASKIN MEHMET ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិតួកគី សញ្ជាតិតួកគី មានស្រុកកំណើតប្រទេសតួកគី និងស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។សម្ភារៈបាត់បង់រួមមានប្រាក់ដុល្លារចំនួន៥៣០០(ប្រាំពាន់បីរយ)ដុល្លារអាមេរិក ,លិខិតឆ្លងដែនចំនួន០១,កាតធនាគារ ចំនួន០២សន្លឹក, ប័ណ្ណបើកបរចំនួន០១សន្លឹក, ប័ណ្ណការងារចំនួន០១សន្លឹក, អត្តសញ្ញាណប័ណ្ណចំនួន០១សន្លឺក, និងប័ណ្ណសម្គាស់យានយន្តចំនួន០១សន្លឹក។ សមត្ថកិច្ចបន្ថែមថា ភ្លាមនោះយើងបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ ព្រមទាំងធ្វើការឆែកកាមេរ៉ាសុវត្ថិភាព រហូតកំណត់បានមុខសញ្ញាបាន ទើបនៅនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០៦នាទី នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ រួមទាំងកាបូបដៃ ពណ៌ខ្មៅ របស់ជនរងគ្រោះ។

ក្រោយពីស្រង់ចម្លើយឈ្មោះឈ្មោះ សំ សុភា និងឈ្មោះ ចាន់ មាន បានឆ្លើយសារភាពដូចគ្នាថា នៅថ្ងៃទី០៦ខែមីនាឆ្នាំ២០២៥ ជនសង្ស័យ សំ សុភា ពិតជាបានធ្វើសកម្មភាពលូកហោប៉ៅយកកាបូបប្រាក់ខាងលើពិតប្រាកដមែន បន្ទាប់មកបានដកយកលុយក្នុងកាបូបនោះទាំងអស់សរុបចំនួន៤០០០ពាន់ដុល្លា រហើយបានប្រគល់កាបូប និងសម្ភារៈក្នុងនោះទៅឲ្យបក្ខពួកឈ្មោះ ចាន់ មាន យកទៅបោះចោលក្នុងព្រៃមុខបន្ទប់ជួល ក្រោយមកបាននាំគ្នាដើរស៉ីចាយអស់ចំនួន៣០០ដុល្លា រហូតដល់ម៉ោង១៨:០៦នាទីមានសមត្ថកិច្ចហៅសួរនាំតែម្ដង។ សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដកហូតបានរួមមាន៖១-កាបូបលុយពណ៌ខ្មៅចំនួន ០១២-ប្រាក់ដុល្លាចំនួន ៣៧០០ដុល្លា,៣-លិខិតឆ្លងដែនចំនួន ០១,៤-ប័ណ្ណបើកបរចំនួន ០១,៥-ប័ណ្ណការងារចំនួន ០១,៦-វីសាកាតចំនួន ០២,៧-ប័ណ្ណសម្គាល់យានយន្តចំនួន ០១សន្លឹក។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖AFN