ខេត្តព្រះវិហារ៖ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដ៏មហោឡារិក ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ដើម្បីបំពេញតម្រូវការឈាមសម្រាប់មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីដ៏មានអត្ថន័យនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងអធិការដ្ឋាន និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូបទៀត។លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គីម រិទ្ធី ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់នេះ។

លោកបានសង្កត់ធ្ងន់ថា កម្មវិធីនេះមិនត្រឹមតែជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកក្តីស្រឡាញ់ក្នុងសហគមន៍ផងដែរ។ លោកក៏បានកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ដែលបានចូលរួមបរិច្ចាគឈាម។ ឯកឧត្តមបានគូសបញ្ជាក់ថា សកម្មភាពនេះគឺជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់” និងបានបង្ហាញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ឯកឧត្តមបានបន្តថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាអំពើដ៏ប្រពៃ និងជាកាយវិការមនុស្សធម៌ដ៏ឧត្តុង្គឧត្តម។ ឈាមជាសារធាតុរាវដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយអ្នកជំងឺជាច្រើនត្រូវការឈាមជាចាំបាច់។

ការបរិច្ចាគឈាមរបស់លោកអ្នក អាចជួយសង្គ្រោះជីវិតពួកគេ និងផ្តល់ក្តីសង្ឃឹមដល់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ។សូមបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ៣១៩ នាក់ ស្រី ៦១ នាក់ ក្នុងនោះមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន ១៩៥ នាក់។ អ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគមានចំនួន ១១២ នាក់ ស្រី ២៧ នាក់។ ឈាមដែលប្រមូលបានមានចំនួន ៨៣ សាក់ ដែលមានក្រុមឈាម O+ ចំនួន ៣១ សាក់, AB+ ចំនួន ៤ សាក់, A+ ចំនួន ២២ សាក់ និង B+ ចំនួន ២៦ សាក់៕








