ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន ៥ នាក់ រួមជាមួយនឹងវត្ថុតាងដែលជាថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត បាត់ដំបង សហការជាមួយនិង កម្លាំងអាវុធហត្ថស្រុករតនមណ្ឌល ធ្វើការបង្ក្រាប ដែលមុខសញ្ញាទាំងនេះត្រូវបានកម្លាំងតាមប្រមាញ់ជាយូរមកហើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូរសារធាតុញៀនគឺបានធ្វើឡើងនៅវេលាម៉ោង ២ និង ០៥នាទី រសៀល ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ កិច្ចប្រតិបត្តិការនេះគឺធ្វើឡើងដោយកម្លាំងការិយាល័យជំនាញរបស់បញ្ជាការដ្ឋានកងរាជអាវុធខេត្ត សហការណ៍ ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុករតនៈមណ្ឌល បានធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ដែលមានឈ្មោះ :១.ឈ្មោះ ចែត ស្រីមុំ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។២.ឈ្មោះ យាន ចាន់នី ភេទ ស្រី អាយុ ១៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។៣.ឈ្មោះ វ៉ាត ណៃ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រៃពោធិ៍ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។៤.ឈ្មោះ មឿន ប៊ុនថន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។៥.ឈ្មោះ ម៉ៃ ចិន្តា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបាណង់ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនោះដែរសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន : គ្រឿងញៀន ម៉ាទឹកកក (ice) ចំនួន ៥៨ កញ្ចប់ ទម្ងន់ ២១,៦៥ក្រាម (ថ្លឹងទាំងសំបក) ទូរស័ព្ទដៃចំនួន ០៥ គ្រឿង និង ម៉ូតូចំនួន ០២ គ្រឿង ។

សមត្ថកិច្ចបានបង្ហើបថា ស្ត្រីដែលជាមេខ្លោងឈ្មោះ ចែត ស្រីមុំ គឺជាភរិយារបស់លោក កោ ស៊ុនកាំង មានតួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធី ៕ ដោយ៖សហការី
