ខេត្តព្រះសីហនុ ៖នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នេះ មានរៀបចំពិធីសំណេះសំណាលក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ជិន វិទ្យា ស្នងការរងផែនការងារគ្រប់គ្រងធនធានមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង លោកអភិបាលស្រុក និងគណៈស្នងការរងពាក់ព័ន្ធមួយចំនួនផងដែរ ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការកោតសរសើរទៅដល់កងកម្លាំងសមត្ថកិច្ចជំនាញដែលចុះបង្ក្រាបបទល្មើសកន្លងមក ជាពិសេសចុះបង្ក្រាបទីតាំងដែលចែកចាយ និងប្រើប្រាស់គ្រឿងញៀនថ្មីៗនេះ ក្នុងនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តឲ្យកងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុទាំងអស់ខិតខំប្រឹងប្រែងបន្តការងារជំនាញបន្តបន្ថែមទៀតដើម្បីឲ្យមានប្រសិទ្ធិភាពកាន់តែខ្ពស់នៅក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តព្រះសីហនុទាំងមូល ។ក្នុងនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភថវិកាចំនួន២០លានរៀលជូនទៅដល់កងកម្លាំងសមត្ថកិច្ចជំនាញទាំងអស់ដែលខិតខំប្រឹងប្រែងនៅក្នុងកិច្ចប្រតិបត្តិការកន្លងមកក្នុងការបង្ក្រាបបទល្មើសផ្សេងៗថយចុះផងដែរ៕ដោយ៖នាយខ្ចឹប